ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសស្រាលចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នា​ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភាគីម៉ូតូ ហុងដាBeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-1722 ជិះដោយជនរងគ្រោះ ឈ្មោះ សៅ សារ៉ាន ហៅ សេង វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពៅធិ៍សែនជ័យ មានស្រុកកំណើតភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ចំណែកភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-7186 ជិះដោយជនរងគ្រោះ ឈ្មោះ ហេង ហ័ង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ វិទ្យាល័យជម្ពូវ័ន មានទីលំនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះខាងម៉ូតូBeat ជិះម៉ូតូចេញពីផ្ទះជួលឆ្ពោះទៅរោងចក្រក្នុងភូមិត្រពាំងពោធិ៍ ដោយធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅ ពីត្បូងទៅជើង លុះមកជិតដល់រោងចក្រស្រាប់តែ ភាគីខាងយុវជន ជិះម៉ូតូហុងដាឌ្រីម ចេញពីផ្ទះក្បែរនោះ លើផ្លូវបញ្ច្រាស បោះពួយលឿនជ្រុលមកបុក បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូក ខាងយុវជន រងរបួសស្រាល។

ក្រោយកេីតហេតុជនរងគ្រោះរបួសធ្ងន់ត្រូវបានបងប្អូនហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកយុវជនរបួសស្រាល ត្រូវបានឪពុកម្តាយដឹកយកទៅពេទ្យដោយខ្លួនឯង ។ ចំពោះម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច វាស់វែងរួចប្រមូលយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖