ខេត្តកណ្ដាល៖ នគរបាលស្រុកកោះធំ ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស ។ករណីនេះបានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ២០២៤ វេលាម៉ោង ០៣និង៣០នាទី នៅចំណុចខាងលេីស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ (ស្ពានឆ្លងទន្លេ) ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ីណា ចាន់ធី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលស្លែង ឃុំលេីកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ សន្តិសុខ។
ចំណែកជនសង្ស័យ ០៤នាក់៖១-ឈ្មោះ ម៉ន ម៉េត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ២-ឈ្មោះ សល់ ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដេីមពោធិ៍ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរ កសិករ (ឃាត់ខ្លួន)។ ៣-ឈ្មោះ ចាំង ស៊ុនអ៊ូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (គេចខ្លួន)។ ៤-ឈ្មោះ ធឿន ណាវី (ហៅថី) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (គេចខ្លួន)។
-ជនសង្ស័យ០២នាក់ដែលឃាត់ខ្លួនខាងលេី បានធ្វើតេស្តទឹកនោមរួច លទ្ធផលមានសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន។ សម្ភារៈបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកHonda Dream C125ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AO-9060(ជារបស់ជនរងគ្រោះ)។ វត្ថុតាងចាប់យក៖
១-ម៉ូតូ០១គ្រឿង ម៉ាកHonda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KF-9111។ ២-ដាវ ចំនួន០១។
ប្រភពដដែលបន្តថា នៅមុនពេលកេីតហេតុ ជនរងគ្រោះ ស៊ីណា ចាន់ធី បានចេញពីធ្វេីការឯភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ត្រលប់មកផ្ទះវិញ ដោយជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កណ្ដាល 1AO-9060 តែម្នាក់ឯង។
លុះដល់ពេលកេីតហេតុខាងលេី ជនរងគ្រោះ បានជិះមកដល់ចំណុចខាងលេីស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ក៏ត្រូវបានក្រុមជនសង្ស័យ ចំនួន០៤នាក់ ម៉តូ០២ គ្រឿង ដេញតាមពីក្រោយ ហេីយធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យដួល រួចជនសង្ស័យ០១នាក់ក្នុងចំណោមនោះ បានយកដាវដេញកាប់ជនរងគ្រោះ ហេីយបក្ខពួក០១នាក់ទៀត បានលេីកយកម៉ូតូរបស់ជនរងគ្រោះ រួចនាំគ្នាជិះគេចខ្លួនទៅទិសខាងជេីងតាមបណ្ដោយផ្លូវជាតិ១១០បាត់ទៅ។ ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះធំ បានបេីកការស្រាវជ្រាវ ស៊េីបអង្កេត យ៉ាងយកចិត្តទុកដាក់ រហូតបានកំណត់អត្តសញ្ញាណជនសង្ស័យ និងបាននាំខ្លួនជនសង្ស័យ ចំនួន០២នាក់ឈ្មោះ ម៉ន ម៉េត និង សល់ ដារ៉ា និងដកហូតវត្ថុតាងម៉ូតូ ០១គ្រឿង ដាវ ០១ដេីម យកមកសួរនាំ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ខាងលេី បានឆ្លេីយសារភាពថាៈ ពួកគេទាំង០២នាក់ ជិះម៉ូតូ០១គ្រឿង ឈ្មោះ ម៉ន ម៉េត ជាឌុបនិងបក្ខពួក០២នាក់ទៀតគឺឈ្មោះ ចាំង ស៊ុនអ៊ូ និង ធឿន ណាវី(ហៅថី) ជិះម៉ូតូ០១គ្រឿង ពិតជាបានធ្វេីសកម្មភាពជិះម៉ូតូ តាមធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះ ដោយឈ្មោះ ម៉ន ម៉េត ជាអ្នកធាក់ផ្ដួល នៅខាងលេីស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ កាលពីទាបភ្លឺថ្ងៃទី២២-០២-២០២៤ វេលាម៉ោង ០៣ និង ៣០នាទី ប្រាកដមែន។ ក្រោយធ្វេីសកម្មភាពធាក់ប្លន់យកម៉ូតូបានសម្រេចហេីយ ឈ្មោះ ចាំង ស៊ុនអ៊ូ និង ធឿន ណាវី(ថី) ជាអ្នកយកទៅលក់នៅម្ដុំតាលន់ ស្រុកស្អាង បានប្រាក់ចំនួន ៥០០$ ចែកគ្នាបានក្នុងម្នាក់ ចំនួន៥០ម៉ឺនរៀល។ កន្លងមកជនសង្ស័យទាំង០៤នាក់ខាងលេី រួមនិងបក្ខពួកជាច្រេីននាក់ ធ្លាប់ធ្វេីសកម្មភាពធាក់ផ្ដួលយកម៉ូតូពីអ្នកដំណេីរតាមដងផ្លូវនាពេលយប់ នៅក្រុងសំពៅពូន បានសម្រេច០៣លេីក នៅស្រុកស្អាងបានសម្រេច ចំនួន០១ និងក្នុងស្រុកកោះធំ បានសម្រេច ០៣លេីក។
បច្ចុប្បន្នជនសង្ស័យ ម៉ន ម៉េត និង សល់ ដារ៉ា រួមនិងវត្ថុតាងដូចចាប់យកខាងលេី ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាង ជ័យ