ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ូទីប្រើមីស៊ីលទំនើបៗបង្កើនការវាយប្រហារនាវាដឹកទំនិញលោកខាងលិចនៅសមុទ្រក្រហម

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែន និងមានអ៉ីរ៉ង់ជាខ្នងបង្អែកបានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារមួយលើកប៉ាល់ដឹកទំនិញរបស់ចក្រភពអង់គ្លេស និងការវាយប្រហារដោយយន្ដហោះដ្រូនលើនាវាពិឃាតអាមេរិកមួយគ្រឿង ព្រមទាំងវាយប្រហារលើកំពង់ផែនិងទីក្រុងរីសត Eilat របស់អ៉ីស្រាអែល ដោយប្រើមីស៊ីលបាលិស្ទីគនិងយន្ដហោះដ្រូន។
ក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ មេដឹកនាំក្រុមហ៊ូទី លោក Abdul Malik al-Houthi បានគូសបញ្ជាក់ដូច្នេះថា «ប្រតិបត្តិការក្នុងតំបន់សមុទ្រក្រហម និងសមុទ្រអារ៉ាប់ ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden នឹងនៅតែបន្តធ្វើឡើង ខ្លាំងក្លាជាងមុន និងកាន់តែមានប្រសិទ្ធភាព»។ នៅបន្ទាប់ពីការលើកឡើងរបស់មេដឹកនាំហ៊ូទីរូបនេះដែរ អ្នកតំណាងក្រុមហ៊ូទីម្នាក់បានឱ្យដឹងនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថា ក្រុមហ៊ូទីបាននិងកំពុងបង្កើនការវាយប្រហារ លើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម និងដែនទឹកផ្សេងទៀត ដោយមានទាំងការប្រើប្រាស់អាវុធក្រោមសមុទ្រ ដើម្បីតាមដានប្រតិបត្តិការយោធារបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ តែមេដឹកនាំហ៊ូទីមិនបានបញ្ជាក់ថាតើអ្វីទៅជាអាវុធក្រោមសមុទ្រនេះនោះទេ។
ក្រុមហ៊ូទីបានបើកការវាយប្រហារដោយប្រើយន្ដហោះដ្រូន និងមីស៊ីលម្ដងហើយម្ដងទៀតនៅក្នុងតំបន់សមុទ្រក្រហម ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក ដើម្បីជាការបង្ហាញសាមគ្គីភាពទៅកាន់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ខណៈដែលជនជាតិប៉ាឡេស្ទីន ដែលបានស្លាប់នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់កើនដល់ជិត ៣០,០០០នាក់៕ ដោយ៖ ធីរីណា

រូប​ថត​៖ BNN


ចែករំលែក៖