ព័ត៌មានទាន់ហេតុការណ៍៖

Update៖​ តារា Tik Tok ជនជាតិចិន​ ដែលបេីករថយន្ត​ម៉ាក​LAMBORGHINI ពាក់ស្លាកលេខកម្ពុជាS.R.999 បង្កគ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ និងបន្ត​នីតិវិធី​ច្បាប់​

ចែករំលែក៖

ភ្នំពេញ៖​ បេីតាមការ​បញ្ជាក់ពី​ លោកវរសេនីយ៍ឯក​ ដេ​ ម៉ៅ​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ​បុរសជនជាតិចិន​ម្នាក់ ដែលបេីករថយន្ត​ស៊េរី​ទំនើប​ម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 បច្ចុប្បន្នត្រូវបានកម្លាំងនគរបាលជំនាញ​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​បន្តអនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ ក្នុងបទល្មេីស​បង្កគ្រោះថ្នាក់​ចរាចរណ៍​ ដែលបណ្ដាល​ឱ្យមនុស្សរងរបួសធ្ងន់ធ្ងររហូតដល់​បាត់បង់ជីវិត​។ 

គួរជម្រាបជូនថា​ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បានកេីតឡេីង​ បណ្ដាលឱ្យ​បុរសម្នាក់​ ដែលជាអ្នកដឹកជញ្ជូនតាមអនឡាញ​ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូ​តាមដងផ្លូវ​ ក៏ត្រូវបានរថយន្តស៊េរីទំនើប​ម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 បើកបរដោយបុរសជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បីតាមបណ្ដាញសង្គមFacebookខាងធ្វើម្ហូប តារា Tik Tok ជាជនជាតិចិនបើកលឿនដូចហោះបុកពីក្រោយពេញទំហឹងខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែករថយន្តបង្កព្យាយាមបើករត់គេចត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមស្ទាក់ឃាត់បាន នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះ ឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

ចំណែក​អ្នកបើកបររថយន្តបង្កហេតុត្រូវបានគរស្គាល់ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បីតាមបណ្ដាញសង្គមFacebook Tik Tok ខាងធ្វើម្ហូប។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1V-9127 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ ស្រាប់តែត្រូវបានរថយន្តម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 បើកបរដោយបុរសជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បីតាមបណ្ដាញសង្គមFacebookខាងធ្វើម្ហូប ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿនទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្ដាលឱ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ។ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនចេញពីផ្លូវសហព័ន្ធរុស្ស៊ីចូលផ្លូវ២០០៤ឆ្ពោះទៅផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នាស្ទាក់ឃាត់ខ្លួនបានរួចទាក់ទងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗដោយធ្វើការឃាត់ខ្លួនអ្នកបើកបរនិងបក្ខពួកផ្សេងទៀតដែលបើករថយន្តម៉ាក BMW ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា MR. TOMI មកបម្រុងរំដោះយកអ្នកបើកបររថយន្តបង្ករត់គេចខ្លួន ។

ប្រភពដដែលបានបន្តទៀតថា ពេលដែលសមត្ថកិច្ចសួរនាំ តារារូបនេះបានបដិសេធថា ខ្លួនមិនមែនជាអ្នកបើកនោះទេ គឺអ្នកផ្សេងជាអ្នកបើក តែប្រជាពលរដ្ឋឃើញច្បាស់ថាគាត់ជាអ្នកចុះពីលើរថយន្តបង្ក ទោះជាយ៉ាងណាខាងសមត្ថកិច្ចបាននាំអ្នកបើកបររថយន្តបង្កនិង មិត្តភក្តិ២នាក់ទៀតយកទៅផ្នែកជំនាញដើម្បីសួរនាំបន្តនៅខណ្ឌពោធិ៍សែនជ័យ។ 

ក្រោយពេលកើតហេតុសពរងគ្រោះត្រូវបានសមត្ថកិច្ចផ្នែកជំនាញប្រគល់ទៅឱ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរងគ្រោះនិងរថយន្តបង្កគេឃើញសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកនៅជំនាញនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយបន្តពេលក្រោយ ៕

ដោយ៖ តារា


ចែករំលែក៖