ខេត្តកំពង់ចាម៖ បន្ទាប់ពីមានករណីលើបុគ្គលដែលបានចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ភ្លាមៗអាជ្ញាធរខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ដោយបានហៅបុគ្គលរូបនេះ មកសាកសួរ និងធ្វើការអប់រំណែនាំឱ្យបញ្ឈប់ជាបន្ទាន់ និងតំរូវឱ្យកាយថ្មចេញវិញដោយទុករយៈពេល៧០ថ្ងៃ។
ជាក់ស្ដែងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា រដ្ឋបាលខេត្ត មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា ៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីចាក់ថ្មចូលផ្ទៃទន្លេនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំង លោក ស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជា មានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មកម្លេះ។ ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។
ហើយសកម្មភាពនៃការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។
ជាវិធានការបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តដូចខាងក្រោម ៖
1. បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។
2. ត្រូវធ្វើការកាយនិងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅ ថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។
3. ភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬតាមពេលវេលាជាក់ស្តែង។
រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានផ្តល់ ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៍មកឱ្យរដ្ឋបាលខេត្ត ដើម្បីមានវិធានទប់ស្កាត់នូវបទល្មើសនានា ក្នុងខេត្តកំពង់ចាម និងសូមបញ្ជាក់ថា ចំពោះករណីនេះគ្រាន់ជាវិធានការបឋមប៉ុណ្ណោះ។ ជាវិធានការបន្ទាប់ គឺរដ្ឋបាលខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត។ អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាប៕
ដោយ៖ តារា