ព័ត៌មានទាន់ហេតុការណ៍៖

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី១៣ និងខួប២០ឆ្នាំ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- ជប៉ុន (CJCC)

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី១៣ ក្រោមប្រធានបទ ”ទំព័រថ្មីនៃអនុស្សាវរីយ៍” ដែលប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- ជប៉ុន (CJCC)។

មហោស្រពនេះជាកម្មវិធីបែបវប្បធម៌ដ៏ធំបំផុតមួយក្នុង ចំណោមកម្មវិធីវប្បធម៌រួមគ្នារវាងកម្ពុជា និងជប៉ុនពិសេសនោះក្នុងឆ្នាំ២០២៤ នេះមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)ក៏នឹងប្រារព្ធខួប២០ឆ្នាំ ស្របជាមួយមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី១៣ នេះដែរ។

ថ្លែងក្នុងឱកាសនេះលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្ដែងក្តីរំភើបរីករាយចំពោះការវិលត្រលប់មកវិញនៃមហោស្រពវប្បធម៌ជប៉ុន-កម្ពុជាដោយលើក ឡើងថាមហោស្រពនេះពិតជាបង្កប់នូវអត្ថន័យពិសេសដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រជាជនកម្ពុជា និងជប៉ុនស្របតាមអត្ថន័យប្រធានបទនៃមហោ ស្រពគីហ្សូណាឆ្នាំនេះ “ទំព័រថ្មីនៃអនុស្សាវរីយ៍” ដែលហាក់រំឮកយើងថាទន្ទឹមនឹងការជាប់ចិត្តនឹងអតីតកាលយើងក៏ត្រូវតែទទួលយកឱកាសនៅខាងមុខដែលនេះគូសបញ្ជាក់ពីសកម្មភាពជាច្រើនដែលកម្ពុជា-ជប៉ុននឹងធ្វើរួមគ្នានាពេលនេះក៏ដូចជារក្សាទំនាក់ទំនងបន្តទៅ កាន់ពេលអនាគតកាល។

ជាមួយនេះដែរលោកបណ្ឌិតសភាចារ្យបានលើកឡើងថាក្នុងរយៈពេល ២ទស្សវត្ស មកនេះ CJCCបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការ អប់រំពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុនក៏ដូចជាបានត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយកម្ពុជាក្នុងឆ្នាំ2023ដោយសង្ឃឹមយ៉ាងមុត មាំថាភាពជាដៃគូនេះនឹងឈានទៅសម្រេចបានសមិទ្ធ ផលជាច្រើនរួមគ្នាបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ។

សូមបញ្ជាក់ថាមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជាក៏ដូចជាការជំរុញការផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍សិល្បៈវប្បធម៌ម្ហូបអាហាររវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងជប៉ុន៕

ដោយ៖ សូរិយា


ចែករំលែក៖