ព័ត៌មានទាន់ហេតុការណ៍៖

លោក កែ គឹមយ៉ាន​៖​ ណែនាំឱ្យសមាជិកទាំងអស់ត្រូវចូលរួមធានាសន្តិសុខ និងសុវត្ថិភាព១០០ភាគរយ គ្មាន​អំ​ពើ​ហិង្សា ឬបាតុភាពនានា ដែលរារាំង​ឬ​បំផ្លាញ​ការ​បោះ​ឆ្នោតដោយសហការ​ល្អ​ជាមួយនឹង​ គ.ជ.ប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ លោក កែ គឹមយ៉ាន​ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអមដោយក្រុមការងារគ្រប់ថ្នាក់​ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥  ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។ 

ជាមួយនឹងការពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំពិសេសសម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ក្នុងនាមគណបក្សប្រជាជនកម្ពុជា នាឱកាសនោះលោក កែ គឹមយ៉ាន បានថ្លែងនូវការកោតសរសើរ អរគុណនិងវាយតម្លៃខ្ពស់ចំពោះសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងរយ:កាល១៤ថ្ងៃបានធ្វើសកម្មភាព​ឃោសនា និងផ្សព្វផ្សាយពីសមិទ្ធផល កម្មវិធី គោលនយោបាយនានារបស់គណបក្សទទួលបាននូវការគាំទ្រ និងសាទរពីសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ក៏ដូចជាសមាជិកគណបក្សទាំងអស់នៅទូទាំង​ខេត្តបន្ទាយមានជ័យហើយសង្ឃឹមជឿជាក់ថានឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងទទួលបានជ័យជម្នះតាមផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ។ 

ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលខិតខំចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយនានា នៅក្នុងរយៈពេល២សប្តាហ៍ នៃយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា  នីតិកាលទី៥ និងគោរពដឹងគុណ ស្រឡាញ់ មោទនភាព ចំពោះសមាជិក គណបក្ស និងជនរួមជាតិទាំងអស់ដែលតែងតែផ្ដល់យុត្តិធម៌ ផ្ដល់ជំនឿ និងផ្ដល់ការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់កម្ពុជា រួមសាមគ្គីគ្នាជាមហាគ្រួសារតែមួយ ដើម្បីសុខដុមនីយកម្មសហគមន៍ និងអភិវឌ្ឍមូលដ្ឋាននៅក្រោមម្លប់នៃសន្តិភាព។ 

ជាមួយគ្នានេះដែរ លោក កែ គឹមយ៉ាន បានណែនាំឱ្យសមាជិកទាំងអស់ត្រូវចូលរួមធានាសន្តិសុខ និងសុវត្ថិភាព១០០ភាគរយ គ្មាន​អំ​ពើ​ហិង្សា ឬបាតុភាពនានា ដែលរារាំង​ឬ​បំផ្លាញ​ការ​បោះ​ឆ្នោតដោយសហការ​ល្អ​ជាមួយនឹង​ គ.ជ.ប របស់ខេត្ត និងអាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធ​ឲ្យ​បានម៉ត់ចត់ អង្គបោះឆ្នោតត្រូវថែទាំសុខភាព ត្រៀមឯកសារសម្រាប់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១ទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបន្តបម្រើប្រជាពលរដ្ឋនិងអភិវឌ្ឍខេត្តបន្ទាយមានជ័យឲ្យបានកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀតតាមកម្មវិធីនយោបាយ ផែនការដាក់ចេញ៕

ដោយ​៖ តារា​


ចែករំលែក៖