ព័ត៌មានទាន់ហេតុការណ៍៖

គិតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនទាហានមួកខៀវកម្ពុជាជិត១ម៉ឺននាក់ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ គិតចាប់ឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនទាហានមួកខៀវកម្ពុជា ចំនួនជិត១ម៉ឺននាក់ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព នៅក្នុងប្រទេសចំនួន៩ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ 

យោងតាមសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកប្រទេសកម្ពុជាជាប្រទេសមួយធ្លាប់បានឆ្លងកាត់ និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំង ប្រឈមនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការ រាប់ពាន់នាក់ ក៏កម្ពុជានៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីន ទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួនដើម្បីចូលរួមចំណែកសម្រាល ទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាប្រទេស ស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ីប ប្រទេសយេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។ ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលាន យន្តហោះ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ ដល់ប្រជាជន ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជាបន្តទទួលបានលំដាប់លេខ២ ក្នុងការបរិច្ចាគ កម្លាំងវីរយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀងទី១២ ក្នុងចំណោម១២០ប្រទេស ដែលបាន បរិច្ចាគកងកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ រយៈពេលជាង១៧ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន ៩ ២៨១នាក់ ក្នុងនោះនារី៧៥៣នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុ សន្តិភាពនេះហើយ ទាហានមួកខៀវទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូន លើសកលលោកដែលបានជួយផ្ដល់នូវស្ថិរភាពមួយផ្នែកក្នុងពិភពលោក៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖