ភ្នំពេញ៖ តាមការបញ្ជាក់ពីលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា៖ រហូតមកដល់ពេលនេះ គ.ជ.ប បានត្រៀមរួចរាល់ទាំងសម្ភារៈ និងធនធានមនុស្សនៅតាមទីតាំងការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យនៅទូទាំងប្រទេសសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ.ជ.ប បានត្រៀមលក្ខណរួចរាល់អស់ហើយទាំងការបញ្ជូនសន្លឹកឆ្នោតទៅតាមការិយាល័យបោះឆ្នោតនីមួយ និងការរៀបចំក្រុមការងាររបស់ គ.ជ.ប ប្រចាំការនៅតាមការិយាល័យនោះឆ្នោតផ្ទាល់។ លោកអ្នកនាំពាក្យ បន្តថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈខាងមុខនេះ ក៏មានក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិប្រមាណ ១៨ អង្គភាព និងក្រុមអ្នកសារព័ត៌មានមកពី ២៣ អង្គភាព ចូលរួមក្នុងការសង្កេតការណ៍ និងយកព័ត៌មានទៅតាមក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ពួកគេផងដែរ។
បន្ថែមពីនេះ លោក ហង្ស ពុទ្ធា បានសង្កត់ធ្ងន់ថា ជាទូទៅការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយរយៈពេល ១៤ ថ្ងៃមកនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៥ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ប៉ុន្ដែតាមមាត្រា ១៧ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាគ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៧:០០ព្រឹកដល់ម៉ោង ៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ៣៣ ចំណុះឱ្យភូមិភាគទាំង ៨៕
ដោយ៖ តារា