ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រួតគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងបណ្តាលឱ្យស្លាប់នៅបន្ទប់ជួល ខណៈជនបរទេសរូបនេះអង្គុយជក់បារីនៅក្នុងបន្ទប់ ហើយទម្លាក់ចានមកក្រោមត្រូវបុរសជាម្ចាស់ផ្ទះដែលកំពុងអង្គុយផឹកស៊ីនៅខាងក្រោមផ្ទះ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្បែរផ្សារសូរិយាម៉ល ផ្លូវលេខ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ UFUK ONTURK អាយុ ៥៣ឆ្នាំ ជនជាតិទួរគី ។
ប្រភពព័ត៌មានពីស្រ្តីជាប្អូនថ្លៃម្ចាស់ផ្ទះម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុបុរសជាបងថ្លៃនិងជាប្តីម្ចាស់ផ្ទះម្នាក់បានអង្គុយហូបអីតិចតួចនៅខាងក្រោមផ្ទះ។ ក្រោយមកក៏ឃើញបុរសជនបរទេស(ជនរងគ្រោះ) បានអង្គុយជក់បារីនៅខាងលើក្បែរបន្ទប់ជួល។ បន្ទាប់មកពុំដឹងថាបុរសជនបរទេសរូបនោះមានរឿងអ្វីនោះទេ ក៏បានទម្លាក់ចានចុះមកក្រោម ប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះ។ ពេលនោះក៏មានស្រ្តីជាម្ចាស់បន្ទប់ជួលឡើងទៅមើលនិងសួរនាំបែរជាបុរសជនបរទេសរូបនោះទាញញញួរវាយទៅលើស្រ្តីរូបនោះរងរបួសតិចតួច ហើយបុរសជាប្តីក៏ឡើងទៅជួយក៏ត្រូវជនបរទេសរូបនោះវាយនឹងញញួរឲ្យរបួស។ ទង្វើបែបនេះធ្វើឱ្យអ្នកភូមិមាន កំហឹងយ៉ាងខ្លាំង ក៏បាននាំគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះដល់ក្នុងបន្ទប់ជួលម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម រួចក៏បាននាំគ្នារត់គេចចេញពីចំណុចកើតហេតុបាត់ស្រមោលអស់ទៅ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកខ្សែព័ទ្ធជុំវិញទីតាំងកើតហេតុ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកពិនិត្យ។
ក្រោយពិនិត្យរួចបានដឹកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងរកសាច់ញាតិនៅពេលក្រោយ។
ចំណែកក្រុមឃាតក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ