ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កក។
យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមរំលឹក លោក លោកស្រី ជាធុរជនពាក់ព័ន្ធជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នូវការនាំចូលមុខទំនិញគ្រឿងក្នុង និងបំណែកសាច់បង្កក ដូចខាងក្រោម÷ មើលតាមតារាងគយកំំណត់ ។
ការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលខាងលើ ត្រូវបានលើកលែងចំពោះការនាំចូលរបស់តម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញ។
អាស្រ័យហេតុនេះ សូមលោក លោកស្រី ជាធុរជនពាក់ព័ន្ធ ជ្រាប និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ៕
ដោយ ៖ សុខ ខេមរា