ភ្នំពេញ ៖ សពស្រ្តីវ័យចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានអ្នកនេសាទប្រទះឃើញអណ្តែតក្បែរច្រាំងទន្លេខាងក្រោយអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រួចអូសឡើងមកលើគោក។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីម៉ោង ១០:៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុរសជាអ្នកនេសាទម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុខ្លួនគាត់បានបើកទូកដើរនេសាទតាមដងទន្លេ ខណៈបើកមកដល់ចំណុចកើតហេតុក៏ក្រឡេកទៅឃើញសពស្រ្តីវ័យចំណាស់ម្នាក់បានអណ្តែតក្បែរគុម្ភត្រកួន។ ពេលនោះរូបគាត់បានយកខ្សែចងទាញអូសតាមទូកឡើងមកលើគោក ហើយក៏បានរាយការណ៍ទៅមេភូមិនិងសមត្ថកិច្ចចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកខ្សែហ៊ុមព័ទ្ធទីតាំង រួចបានទំនាក់ទំនងទៅសមត្ថកិច្ចធ្វើកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកពិនិត្យសព។ ក្រោយនិនិត្យរួចសមត្ថកិច្ចប្រាប់ថា សពស្លាប់ដោយសារលង់ទឹក រួចក៏ធ្វើកំណត់ហេតុដឹកសពយកទៅតម្កល់ទុកនៅវត្តទួល រង់ចាំទាក់ទងរកសាច់ញាតិតាមក្រោយដើម្បីឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ