ភ្នំពេញ ៖ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជា អគ្គុទេសឯកនៃសន្តិភាពនៅកម្ពុជាដែលដឹកនាំប្រទេសកម្ពុជាពីប្រទេសកង្វះស្បៀងមកជាប្រទេសផលិតស្រូវនិងកែច្នៃអង្ករឈរនៅលំដាប់ទី១០ លើពិភពលោក។ថ្មីៗ នេះទិន្នន័យរបស់គេហទំព័រ Southeast Asia Statistic បានបញ្ជាក់ថា ប្រទេសកម្ពុជាបានឈរនៅលំដាប់ទី១០នៅលើពិភពលោកដែលជាអ្នកផលិត និងកែច្នែស្រូវ បានជិត ៦ លានតោន(៥,៩៣លានតោន) នៅក្នុងឆ្នាំ២០២៣នេះ។ទិន្នន័យរបស់គេហទំព័រនេះ បង្ហាញទៀតថា ក្នុងឆ្នាំ ២០២៣ ផលិតកម្មស្រូវនិងកែច្នៃនៅអាស៊ីអាគ្នេយ៍ ត្រូវបានគ្រប់គ្រងដោយប្រទេសចំនួន ៦ រួមមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងកម្ពុជា។
ប្រទេសឥណ្ឌូណេស៊ី នាំមុខគេនៅតំបន់អាស៊ាន និងចំណាត់ថ្នាក់លេខ ៤ លើពិភពលោក ដែលមានផលិតស្រូវបានចំនួន ៣៤ លានតោន តាមពីក្រោយដោយប្រទេសវៀតណាម និងឈរលេខរៀងទី ៥ លើពិភពលោក ដែលផលិតស្រូវបានចំនួន ២៦,៩៤ លានតោន។
ដោយឡែក ប្រទេសថៃឈរនៅលេខ ៣ ក្នុងតំបន់ និងលេខ ៦ ក្នុងពិភពលោក បានផលិតនិងកែច្នៃសរុប ២០,៩១ លានតោន ខណៈហ្វីលីពីន ឈរនៅលេខ ៤ ក្នុងតំបន់ និងលេខ ៧ ពិភពលោក បានផលិតនិងកែច្នៃបានចំនួន ១២,៦៣លានតោន។ រីឯ ប្រទេសមីយ៉ាន់ម៉ា ផលិតស្រូវ និងកែច្នៃបានចំនួន ១១,៨ លានតោន ឈរនៅលេខ ៥ ក្នុងតំបន់ និងលេខ ៨ ពិភពលោក។
សហព័ន្ធស្រូវអង្ករកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា កម្ពុជាតូចតែក៍ជាប្រទេសធំ ផលិតស្រូវ និង កែច្នៃអង្ករបានជិត ៦លានតោន ក្នុងមួយឆ្នាំដែរ លើពិភពលោក ឈរលេខរៀងទី១០ លើពិភពលោក។
សហព័ន្ធស្រូវអង្ករកម្ពុជា សរសេរដូច្នេះថា ៖«សូមអរគុណ រាជរដ្ឋាភិបាលខិតខំពីប្រទេសខ្វះស្បៀងពី ទស្សវត្សឆ្នាំ ៧០ ដល់ ទស្សវត្ស ៩០ ហើយ ក្លាយជាប្រទេសផលិត ហើយមានអតិរេកនាំចេញ ហើយ សូមថ្លែងអំណរគុណ សម្តេច តេជោ ហ៊ុន សែន ជាមគ្គុទេសឯក នៃសន្តិភាពនៅកម្ពុជា ជាស្ថានិកនៃការលុបបំបាត់ភាពអត់ឃ្លាន ពឹងជំនួយស្បៀងពីខាងក្រៅ មកប្រទេសម្ចាស់ការ និង ចូលរួមផ្គត់ផ្គត់ស្បៀងលើពិភពលោក»។
ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួនជាង ៦៥ ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក ដោយការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣នេះ មានកំណើនលើបរិមាណ ៣ ភាគរយ និងទឹកប្រាក់មានកំណើន ១៣ ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា។
ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០២៣នេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួនជាង ៤,៣៨ លានតោន ដែលមានតម្លៃជាប្រាក់ប្រមាណ ១,២៣ពាន់លានដុល្លារ។ បរិមាណនាំចេញស្រូវក្នុងឆ្នាំ២០២៣ កើនឡើង ២៦,៥០ ភាគរយ និង ទឹកប្រាក់មានការកើនឡើង ៥៦,៦៩ ភាគរយ បើធៀបនឹងឆ្នាំ២០២២៕
ដោយ៖ សូរិយា