ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ នៅចំណុចជើងភ្នំ១៥០០

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នៅព្រឹកថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ​ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង រួមមាន តំណាងអគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស នាយកដ្ឋានផ្លូវថ្នល់ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដើម្បីពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ នៅចំណុចជើងភ្នំ១៥០០។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក លោកស្រី​ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈប្រតិភូនៃក្រសួងអធិការកិច្ច តំណាងស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរមានសមត្ថកិច្ចពាក់ព័ន្ធចំនួន៨ លោកអភិបាល នៃគណៈអភិបាលស្រុកវាលវែង និងមន្ត្រីជំនាញ សរុបចំនួន ៤៥ រូប នៅសាលាខេត្តពោធិ៍សាត់។

បន្ទាប់កិច្ចប្រជុំបានបញ្ចប់ គណៈប្រតិភូអន្តរក្រសួងក៏បានចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង ដែលស្ថិតនៅចំណុចជើងភ្នំ១៥០០ ត្រង់គីឡូម៉ែត្រទី១៥០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍នេះ សំដៅដោះស្រាយឱ្យបានឆាប់រហ័ស៕

ដោយ​៖ តារា​


ចែករំលែក៖