ខេត្តស្វាយរៀង៖ ក្មេងតូច២នាក់បានស្លាប់បន្ទាប់ពីលូនតាមរបងសំណាញ់ធ្លាក់ចូលស្រះទឹកខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលទាំងថ្ងៃរសៀលនៅក្រុងបាវិត។
យោងតាមសមត្ថកិច្ចបានអោយដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦:០០នាទីល្ងាចថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ស្ថិតនៅភូមិអង្គសាល សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបញ្ជាក់ទៀតថា ក្មេងប្រុសដែលលង់ទឹកស្លាប់០២នាក់នោះម្នាក់ឈ្មោះរ៉េត គុណារាជ ភេទប្រុស អាយុ០៣ ឆ្នាំជនជាតិខ្មែរឪពុកឈ្មោះផាន់ សារឿន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ម្ដាយឈ្មោះ ហេង ស៊ីវហុង អាយុ ២២ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិតខេត្តស្វាយរៀង និងម្នាក់ទៀតឈ្មោះសោ ហូលីហៀរ ភេទប្រុស អាយុ ០២ ឆ្នាំជនជាតិខ្មែរ ឪពុកឈ្មោះហេង ហួរ អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ម្ដាយឈ្មោះ សេក ចន្ថា អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិតខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុឪពុកម្តាយទុកកូនតូចៗលេងនៅខាងក្រោយផ្ទះដែលមានរបងសំណាញ់ហ៊ុមព័ទ្ធជុំវិញ ខណៈឪពុកម្តាយរបស់ក្មេងរងគ្រោះទាំង២រវល់លក់ដូរនៅខាងមុខផ្ទះនោះមិនបានមើលនោះទេ។ ដោយបាត់កូនយូរពេកមិនឮសំឡេងកូនលេងក៏មករកមើលអត់ឃើញខំស្រែកហៅក៏សង្ស័យនាំគ្នាចុះស្រះទឹករាវរកស្រាប់តែឃើញសពក្មេងប្រុសទាំង២នាក់មិនដឹងលង់ទឹកស្លាប់ពីកាលណាទើបផ្អើលដល់អ្នកភូមិចោមរោមមើលទាំងក្តីអាណិតនិងសមត្ថកិច្ចជំនាញចុះមកពិនិត្យ។
សាកសពត្រូវបានប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន