នៅថ្ងៃចន្ទ ទី 26 ខែកុម្ភៈ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយថា ទីក្រុងប៉េកាំងប្រឆាំងដាច់ខាតចំពោះការរឹតបន្តឹងដែលដាក់លើក្រុមហ៊ុនរបស់ខ្លួន ដែលជាផ្នែកនៃទណ្ឌកម្មចុងក្រោយបង្អស់ដែលដាក់ដោយបណ្តាប្រទេសលោកខាងលិចសម្រាប់ទីក្រុងម៉ូស្គូ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ី នៅមុនខួបលើកទីពីរនៃ
ជម្លោះអ៊ុយក្រែន។ វិធានការទាំងនេះរួមមានការរឹតបន្តឹងពាណិជ្ជកម្មដែលផ្តោតលើអង្គភាពចំនួន 63 មកពីប្រទេសរុស្ស៊ី និងក្រុមហ៊ុនចំនួន 30 មកពីប្រទេសចិន ទួរគី អារ៉ាប់រួម កាហ្ស៊ីស៊ីស្ថាន ឥណ្ឌា និងកូរ៉េខាងត្បូង សម្រាប់ការចោទប្រកាន់ថាបានគាំទ្រសកម្មភាពយោធារុស្ស៊ីនៅអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន វិធានការថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន “ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល”។
“វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក គឺជាឧទាហរណ៍បុរាណនៃទណ្ឌកម្មឯកតោភាគី គ្មានការអនុញ្ញាត និងការបង្ខិតបង្ខំសេដ្ឋកិច្ច ដែលបំផ្លាញដល់ច្បាប់និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ ក្រសួងបាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ដោយបន្ថែមថា ទីក្រុងប៉េកាំងនឹងចាត់វិធានការដើម្បី “ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន”។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងបានធ្វើអត្ថាធិប្បាយលើការដាក់ទណ្ឌកម្មចុងក្រោយបំផុតរបស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដោយព្រមានថា ពួកគេក៏នឹងមាន “ផលប៉ះពាល់អវិជ្ជមាន” លើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកផងដែរ៕
ដោយ៖ ធីរីណា(រូបថត៖ petrotimes)