ខេត្តកណ្ដាល៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មម្នាក់ បន្ទាប់មកពីរើសអេតចាយវិញ បានកេះដែកកេះកំឡោចថ្នាំញៀនប្រើប្រាស់ បណ្ដាលឲ្យរាលដាលឆេះរោងដាក់ទូកមួយកន្លែង ទីបំផុត ត្រូវបាននគរបាលក្រុងសំពៅពូនឃាត់ខ្លួន ។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១៣និង០៥នាទីរសៀលនៅចំណុចរោងដាក់ទូក ស្ថិតនៅ ភូមិព្រែកប៉ុក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឺ ស៊ាង អ៊ន ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរៈកសិករ ស្នាក់នៅ ភូមិព្រែក ប៉ុក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល។
ចំណែកជនសង្ស័យឈ្មោះ ផន និត ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅ ភូមិតាមេម សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។
វត្ថុតាងចាប់យក: ដែកកេះ ពណ៌ស្វាយ០១ ដើម ទៀនពណ៌ក្រហម០២ដើម ,សម្ភារៈខូចខាត ១.ឆេះរោងធ្វើអំពីឈើ សសរឈើ ប្រក់សង្ក័សី ទំហំ ១០ម៉ែត្រគុណ ២០ម៉ែត្រ ឆេះទាំងស្រុង ,២.ឆេះទូកធ្វើអំពីឈើចំនួន ០៣គ្រឿង
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ១១ និង ៣០នាទី ថ្ងៃត្រង់ជនសង្ស័យ បន្ទាប់ពីមកពីរើសអេតចាយវិញក៏មានអារម្មណ៍ចង់ប្រើប្រាស់គ្រឿងញៀន ពេលនោះជនសង្ស័យក៏បានដើរទៅក្នុងរោងដាក់ទូកមួយកន្លែងស្ថិតក្នុង ភូមិព្រែកប៉ុក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល ក្នុងគោលបំណងប្រើប្រាស់គ្រឿងញៀន ពេលទៅដល់ក្នុងរោង ជនសង្ស័យបានប្រើដែកកេះដុតទៀនដើម្បីរោលកំឡោចថ្នាំញៀន ជក់ ពេលកំពុងជក់មិនប្រយ័ត្នក៏ធ្វើអោយភ្លើងឆេះ ពេលឃើញភ្លើងឆេះ ជនសង្ស័យក៏បានរត់ចេញពីកន្លែងកើតហេតុតែម្ដង។ ក្រោយពីទទួលបានព័ត៌មានខាងលើរួច កម្លាំងផ្នែកជំនាញ និងកម្លាំងអន្ដរាគមន៍ក្រុងសំពៅពូន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលព្រែកស្ដី ចុះទៅកន្លែងកើតហេតុដើម្បីជួយពន្លត់អគ្គិភ័យខាងលើបានរលត់១០០%ទើប កម្លាំងចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយវត្ថុខាងលើ ដើម្បីចាត់ការទៅតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ