ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់ បំភ្លឺព័ត៌មាន អំពីការចុះផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធការរស់នៅរបស់ប្រជាពលរដ្ឋនៅលើផ្ទះបណ្ដែតទឹក នៅឃុំកំពង់លួង

ចែករំលែក៖

ភ្នំពេញ ៖  កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមរបស់គណនីហ្វេសបុកផេក ឈ្មោះ KHMER ដែលមានខ្លឹមសារថា៖ អស្ចារ្យមែន! ស្ងាត់ភ្ញៀវខាងកើតចូលមកធ្វើផ្ទះបណ្តែតទឹកពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់…កម្ពុជាអើយតទៅមុខទៀតទៅជាយ៉ាងណាទៅ។

ពាក់ព័ន្ធករណ៏នេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖

១. ឃុំកំពង់លួង ជាឃុំបណ្ដែតទឹកដែលមានប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកជាអចិន្ត្រៃយ៍ចំនួន៤ភូមិ មិន ថានៅរដូវទឹកឡើង ឬរដូវទឹកស្រក ដែលបានរស់នៅបែបនេះជាយូរណាស់មកហើយ និងក្លាយជា ទម្លាប់របស់ពួកគាត់។

២. នៅរដូវទឹកឡើងប្រជាពលរដ្ឋមានការរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និង ប្រឡាយ…..។

៣. នៅរដូវទឹកស្រក ប្រជាពលរដ្ឋបានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោមមានលក្ខណៈប្រមូលផ្តុំគ្នា ដែល មើលទៅឃើញរូបភាពច្រើនកុះករ។

៤. ទន្ទឹមនឹងមានការបម្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង ទឹកស្រកនោះ សេវាសាធារណៈក៏បាន ផ្លាស់ទៅតាមពួកគាត់ដែរដូចជា សាលារៀនបណ្ដែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលា ទ្រទ្រង់ព្រះពុទ្ធសាសនាបណ្តែតទឹកជាដើម។

៥. ប្រជាពលរដ្ឋទាំងអស់នេះមិនមានការកើនឡើងដូចអ្វីដែលបណ្តាញសង្គមហ្វេកប៊ុកផេកឈ្មោះ KHMER បានផ្សព្វផ្សាយនោះឡើយ អាជ្ញាធរ និងមន្ត្រីជំនាញបានធ្វើការគ្រប់គ្រងយ៉ាងម៉ត់ចត់ស្របតាម ច្បាប់ និងលិខិតបទដ្ឋាននានា។

ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបាន ចុះផ្សាយផ្ទុយពីការពិតជាក់ស្តែង ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់លើការការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖