ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជាក់ថា នឹងមិនបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ីនោះឡើយ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា សេតវិមាន នៅថ្ងៃទី២៨ ខែកុម្ភៈ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែននោះទេ បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងពីលទ្ធភាពនៃការបញ្ជូនកងទ័ពលោកខាងលិចទៅជួយអ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យសេតវិមាន លោកស្រី Adrienne Watson បានលើកឡើងថា លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ រួចហើយថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែនឡើយ។ ព្រមពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា បុគ្គលិកយោធាអាមេរិកដែលបានស្ថិតនៅអ៊ុយក្រែនគឺគ្រាន់តែដើម្បីធ្វើការជាមួយស្ថានទូតអាមេរិកលើការទទួលខុសត្រូវផ្ដល់អាវុធឱ្យអ៊ុយក្រែនតែប៉ុណ្ណោះ។
លោក John Kirby បន្តថាកងទ័ពអាមេរិកនឹងមិនត្រូវបានបញ្ជូនឱ្យដោះគ្រាប់មីន ផលិតអាវុធ ឬក៏ដឹកនាំប្រតិបតិ្តការអ៉ិនធើណិតនោះទេ ស្របពេលរដ្ឋមន្ត្រីការបរទេសបារាំង លោក ស្ទេហ្វាន សេហ្សួរណេ (Stephane Sejourne) និយាយថា កងទ័ពលោកខាងលិចគួរតែធ្វើប្រតិបតិការទាំងអស់នេះ។
បើតាមលោក John Kirby ការសម្រេចចិត្តបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនឬក៏យ៉ាងណានោះ វាគឺជាសិទ្ធិអធិបតេយ្យរបស់បារាំង ឬក៏សមាជិកអង្គការ NATO ណាមួយ។ តែរឿងដែលសំខាន់ជាងគេនៅពេលនេះ នោះគឺត្រូវធ្វើយ៉ាងណាជំរុញឱ្យរដ្ឋសភាអាមេរិកអនុម័តកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​៖ New York Times


ចែករំលែក៖