ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីប្រើខ្សែក្រវ៉ាត់វាយ ប្លន់យកម៉ូតូ​ និងបណ្ដាលឱ្យជនរងគ្រោះរបួស០៥ថ្នេរ

ចែករំលែក៖

      ភ្នំពេញ​ ៖​ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ នារសៀលថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានបញ្ចាក់ស្តីពីការបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើស៖ អំពើលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ប្រើខ្សែក្រវ៉ាត់វាយ ប្លន់យកម៉ូតូ)​ ។ 

      ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ទឹកថ្លា បានស្រាវជ្រាវបង្រ្កាប ពាក់ព័ន្ធបទល្មើស  អំពើលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ប្រើខ្សែក្រវ៉ាត់វាយ ប្លន់យកម៉ូតូ) នៅចំណុចតាមបណ្តោយផ្លូវ២០០២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៣:៤០នាទី ។

      ជនសង្ស័យមានឈ្មោះ  ស៊ំ រក្សាពេជ្រ ហៅ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។​ ចំណែកជនរងគ្រោះមានឈ្មោះ អ វ ណ  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ។ ដោយជនរងគ្រោះ របួស ១,បែកក្បាល ដេរចំនួន ០៥ថ្នេរ ២,បែកចិញ្ចើមខាងឆ្វេង ដេរចំនួន០៣ថ្នេរ និងរបួសជាំខ្នង ។

    ក្នុងនោះមានសម្ភារៈបន្សល់ទុក៖ ១,ម៉ូតូ០២គ្រឿងម៉ាកសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ(កាំបន្ទះពណ៌ស) ពាក់ផ្លាកលេខ ប,មានជ័យ1N-0589(របស់ជនសង្ស័យ) និងស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KJ-8323(របស់ជនរងគ្រោះ) ។ 

    បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖