ខេត្តកំពង់ចាម ៖ មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា ពេលនេះកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ប្រចាំទិសខេត្តកំពង់ចាម-ត្បូងឃ្មុំបានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាពហើយនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ ចំពោះគ្រាប់បែកទម្លាក់ពីយន្ត ហោះ ប្រភេទគ្រាប់GP M117 ដែលមានទម្ងន់ជាង ៣៤០គីឡូក្រាម ជាសំណល់យុទ្ធភណ្ឌសង្គ្រាម បន្ទាប់ពីត្រូវបានរកឃើញនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នោះ។
មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានបញ្ជាក់ថា ជាទូទៅគ្រាប់បែកទម្លាក់ពីលើអាកាសភាគ ច្រើនធ្លាក់ក្បាលមុជមករកដី តែខុសប្លែកអីតែគ្រាប់បែកទម្លាក់មួយនេះ ខុសគេគឺគូជធ្លាក់មកមុនបុកចូលក្នុងដីកប់ក្នុងជម្រៅជាង៥ម៉ែត្រ តែសំណាងល្អវាមិនផ្ទុះឡើយ។
សូមបញ្ជាក់ថា បើផ្អែកតាមទិន្នន័យការទម្លាក់គ្រាប់បែកបានឱ្យដឹងថា មានទីតាំងរងការទម្លាក់គ្រាប់បែកមានចំនួន ១១៥.២៧៣ទីតាំង មានទម្ងន់សរុបចំនួនប្រមាណជាង ៤លានតោន និងគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ដោយមានយន្តហោះចេញវាយ ប្រហារជាងកន្លះលានគ្រឿង ការទម្លាក់គ្រាប់បែកនេះគិតចាប់ពីពាក់កណ្តាលឆ្នាំ១៩៦៥ ដល់១៩៧៣។ ដូចនេះនៅតំបន់ខ្លះ ប្រជាជនកម្ពុជាអាចបន្តរស់នៅជាមួយគ្រាប់បែកមិនទាន់ផ្ទុះកប់ក្នុងទឹកដីសុវណ្ណភូមិនេះ ជាច្រើនទសវត្សរ៍ទៅមុខទៀត៕
ដោយ៖ សូរិយា