ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាឆក់ទូរស័ព្ទដៃពីនារីជនបរទេសបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង​១៩៖៣៣នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមផ្លូវលេខ៥១កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នា ចំនួន០២នាក់ បានធ្វេីសកម្មភាព​ឆក់​ទូរស័ព្ទពីនារីជនបរទេស ដែលកំពុងដេីរបានសម្រេច។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវសម្តេចតេជោហ៊ុនសែន (ក្រោយវិមានរដ្ឋសភា) ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ជនសង្ស័យទាំង២នាក់មាន ៖

*ទី១៖ ឈ្មោះ​ នៅ​ សុខបញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល​ ម្តុំវត្តជំពូកក្អែក​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ (អ្នកបេីក)។

*ទី២៖ឈ្មោះ​ រឿន​ ជីវ័ន​ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ​ ភូមិក្រាំងពន្លៃ​ ឃុំវាំងចាស់​ ស្រុកឧត្តុង្គ​ ខេត្តកំពង់ស្ពឺ។ 

សមត្ថកិច្ចបន្តថា ៖ សម្ភារៈចាប់យកមាន ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KN-3282 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក IPhone 13 (របស់ជនរងគ្រោះ)​។ ទូរស័ព្ទខាងលេីកម្លាំងជំនាញបានប្រគល់ទៅអោយនារីរងគ្រោះវិញ។ 

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី​ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖