ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យ លោកជំទាវ ម៉ាទីណា-ស្ទែម ហ្វីប៊ិច (Martina-Stamm Fibich) ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់​ ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោកស្រី ម៉ាទីណា-ស្ទែម ហ្វីប៊ិច (Martina-Stamm Fibich) ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារនៅវិមានរដ្ឋសភា។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថ្លែងអំណរគុណជូនដល់រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-អាល្លឺម៉ង់ នៅគ្រប់នីតិកាលនៃរដ្ឋសភាជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវទំនាក់ទំនងការទូតសភាទាំងពីរយ៉ាងល្អប្រពៃ។ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានធ្វើការយ៉ាងសកម្មនៅក្នុងការផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងកិច្ចការសភាពីគ្នាទៅវិញទៅមក ហើយសភាកម្ពុជាបានសិក្សារៀនសូត្រជាច្រើនពីសភាអាល្លឺម៉ង់តាមរយៈដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីផ្សេងៗ។

លោកកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍លើកឡើងទៀតថា ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះ នៃការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សស្របតាមបរិបទនៃសង្គមខ្មែរ។ ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាលអាណតិ្តទី៧នេះ នឹងបន្តលើកកម្ពស់ស្មារតីថែរក្សាសន្តិភាព ការពារ និងបន្តពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះកាន់តែរឹងមាំស្ថិតស្ថេរជានិរន្តរ៍ និងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាកម្ពុជាសព្វថ្ងៃ គឺដឹកនាំដោយ​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេង មានសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

លោកស្រី ម៉ាទីណា-ស្ទែម ហ្វីប៊ិច ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ បានមានប្រសាសន៍ឯកភាពចំពោះប្រសាសន៍របស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបានលើកឡើងពីចំណងមិត្តភាពដ៏ល្អនៃប្រទេសទាំងពីរ ដែលត្រូវបន្តពង្រឹងពង្រីកបន្ថែមទៀត។ លោកស្រីប្រធានគណៈប្រតិភូ បានមានប្រសាសន៍ទៀតថា គោលបំណងរបស់យើងគឺដូចគ្នា នៅក្នុងការរឹតចំណងមិត្តភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងថាក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ អាល្លឺម៉ង់-កម្ពុជា គួរបន្តពិភាក្សាគ្នាសម្រាប់ការសិក្សាផ្លាស់ប្ដូរបទពិសោធពីគ្នាទៅវិញទៅមក។​ លោកស្រីបានបន្ថែមថា លោកស្រី និងគណៈប្រតិភូមានបំណងចង់សិក្សាស្វែងយល់បន្ថែមទៅលើគម្រោងមួយចំនួនដែលកំពុងដំណើរការ ដើម្បីជំរុញឱ្យគម្រោងទាំងនោះកាន់តែល្អប្រសើរថែមទៀត។

លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់លោកជំទាវប្រធានគណៈប្រតិភូ ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ជំនួបនាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀតអំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក៏ដូចជារវាងប្រទេសទាំងពីរ ហើយជានិច្ចកាល រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាអាល្លឺម៉ង់ និងជំរុញមិត្តភាព និងសហប្រតិបត្តិការរបស់យើងឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានស្នើសុំឱ្យគណៈប្រតិភូជួយជំរុញអ្នកវិនិយោគ និងប្រជាជនអាល្លឺម៉ង់ ឱ្យមកបណ្ដាក់ទុន និងធ្វើទេសចរណ៍កម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ព្រមទាំងសុំបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សានៅអាល្លឺម៉ង់ ជាបន្តទៀតផងដែរ​ ៕

ដោយ ៖ សិលា


ចែករំលែក៖