ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមួយទៀតបានដកឈ្មោះលោក Donald Trump ចេញពីការបោះឆ្នោតបឋម

ចែករំលែក៖

នេះបើយោងតាម Bloomberg នៅថ្ងៃទី 29 ខែកុម្ភៈ បានផ្សាយថា ចៅក្រមនៅរដ្ឋ Illinois បានហាមឃាត់អតីតប្រធានាធិបតី Donald Trump ពីការចូលរួមក្នុងការបោះឆ្នោតបឋមនៅក្នុងរដ្ឋនេះ ។
ចៅក្រមអាមេរិកម្នាក់ក្នុងរដ្ឋ Illinois បានចេញសាលក្រមរារាំងមិនឱ្យលោក ដូណាល់ ត្រាំ ឈរឈ្មោះក្នុង ការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋមួយនេះនោះទេ ដោយសារតែរូបលោកមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឧទ្ទាមបះបោរ នៅឯវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ចៅក្រមក្នុងរដ្ឋ Illinois លោកស្រី Tracie Porter បានអះអាងថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គួរតែត្រូវបានជម្រុះចេញពីការឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋម ឬការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ Illinois នៅថ្ងៃទី១៩ ខែមីនា និងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកានោះទេ សម្រាប់ ការបំពានលើមាត្រាប្រឆាំងនឹងសកម្មភាពបះបោរនៃច្បាប់វិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ ប៉ុន្តែ លោកស្រីចៅក្រម Tracie Porter បានពន្យារពេលការចូលធរមាន នៃសាលក្រមសម្រេចរបស់លោកស្រី ដើម្បីបើកផ្លូវឱ្យលោក ដូណាល់ ត្រាំ ប្ដឹងជំទាស់ទៅកាន់តុលាការកំពូលអាមេរិក។
ក្រៅពីរដ្ឋ Illinois រដ្ឋ Colorado និងរដ្ឋ Maine ក៏បានរារាំងមិនឱ្យលោក ត្រាំ ឈរឈ្មោះនៅក្នុងការបោះឆ្នោតក្នុងរដ្ឋរបស់ពួកគេផងដែរ បន្ទាប់ពីសម្រេចថាលោក ត្រាំ បានបំពានលើមាត្រា៣ នៃច្បាប់វិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក។ តែការសម្រេចចិត្តរបស់រដ្ឋទាំង២នេះកំពុងស្ថិតក្រោមការព្យួរទុកនៅឡើយ ខណៈលោក ត្រាំ បានប្ដឹងជំទាស់ទៅកាន់តុលាការកំពូលអាមេរិកដែលជាអ្នកសម្រេចចិត្តចុងក្រោយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖