ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋយេីង តើមានដឹងទេថា ‘ខ្លាពពក’ កំពុងមានវត្តមាននៅក្នុងព្រៃរបស់ប្រទេសកម្ពុជាយើងនៅឡើយ ខណៈខ្លាធំ ត្រូវបានប្រកាសថា “ផុតពូជ” ពីក្នុងព្រៃរបស់យើងទៅហើយ?
USAID មរតកបៃតង បានឱ្យដឹងថាខ្លា ពពក គឺជាប្រភេទខ្លាម្យ៉ាង ដែលស្ថិតនៅក្នុងអម្បូរសត្វឆ្មា ព្រៃដូចជាខ្លាធំដែរ។ ខុសពីសត្វខ្លាធំដែលត្រូវបានប្រកាសថា “បានផុតពូជ” ពីក្នុងព្រៃនៃប្រទេសកម្ពុជាយើងហើយនោះ ខ្លា ពពកគឺនៅបន្តមានវត្តមាននៅក្នុងព្រៃជ្រៅក្នុងប្រទេសរបស់យើងនៅឡើយ។
លើសពីនេះទៅទៀត ខ្លា ពពក មានរោមដ៏ស្រស់ស្អាត មានលំនាំដូចជាពពក ដែលជួយវាក្នុងការបន្លំខ្លួនបានយ៉ាងល្អទៅនឹងបរិស្ថានក្នុងព្រៃនៅក្រោមពន្លឺថ្ងៃនៃជម្រកដែលវារស់នៅ។ រោមដ៏ពិសេសនេះ រួមផ្សំជាមួយនឹងធម្មជាតិដ៏អាថ៌កំបាំងនៅជុំវិញវាបានធ្វើឱ្យការអង្កេតទៅលើសត្វខ្លាពពកនេះនៅក្នុងព្រៃ ក្លាយជាបទពិសោធន៍ដ៏កម្រ និងបង្កើតការទាក់ទាញដ៏គួរឱ្យរំភើបខ្លាំង សម្រាប់អ្នកចូលចិត្តទស្សនាសកម្មភាពរបស់សត្វព្រៃទាំងឡាយ។
បច្ចុប្បន្ននេះ ខ្លា ពពក ដែលត្រូវបានគេស្គាល់តាមឈ្មោះវិទ្យាសាស្រ្តថា 𝘕𝘦𝘰𝘧𝘦𝘭𝘪𝘴 𝘯𝘦𝘣𝘶𝘭𝘰𝘴𝘢 ត្រូវបានចុះជាប្រភេទសត្វដែល «កំពុងទទួលរងការគំរាមកំហែង» នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ចំនួនរបស់វាកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារការបាត់បង់ និងការបែកបាក់ទីជម្រក ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។
គួរបញ្ជាក់ថាខ្លាពពក ប្រភេទសត្វងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ សត្វខ្លាពពកនេះ ក៏មានវត្តមាននៅកម្ពុជា ភាគច្រើនគឺនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើត ភាគឦសាន និរតី និងភាគខាងជើង ក្នុងប្រទេសកម្ពុជា៕
ដោយ៖ ភារ៉ា ដង្កោ