ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២២-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងពិធីប្រកាសនេះ រដ្ឋបាលខណ្ឌកំបូល នៃរាជធានីភ្នំពេញ បានទទួលជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គម ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន៦៧គោលដៅដែលបានចូលរួមប្រកួតប្រជែង។
គួរបញ្ជាក់ថា ៖ កាលពីឆ្នាំ២០២២ រដ្ឋបាលខណ្ឌក៏បានទទួលជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គម ចំណាត់ថ្នាក់លេខ៣ ម្ដងរួចហើយ។
ឆ្លៀតក្នុងឱកាសនេះផងដែរ រដ្ឋបាលខណ្ឌកំបូលក៏សូមសំដែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសក្រសួងមហាផ្ទៃ ដែលបានសម្រេចវិនិច្ឆ័យផ្តល់ពានរង្វាន់ជើងឯកសេវាសង្គមជូនដល់រដ្ឋបាលខណ្ឌកំបូល នាឱកាសដ៏ថ្លៃថ្លានេះ។ ការផ្តល់ពានរង្វាន់ជើងឯកនេះ គឺជាការផ្តល់នូវមហាកិតិ្តយសដែលមិនអាចកាត់ថ្លៃបាន និងជាការលើកទឹកចិត្តបន្ថែមទៀតចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរដ្ឋបាលខណ្ឌកំបូល ឱ្យកាន់តែមានស្មារតី និងទឹកចិត្តមោះមុតក្នុងការបំពេញតួនាទី ភារកិច្ចបម្រើជាតិ និងប្រជាជនបន្តទៀត។
ទន្ទឹមនេះ រដ្ឋបាលខណ្ឌកំបូលក៏សូមសំដែងនូវមនោសញ្ចេតនាដឹងគុណ និងការវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការគ្រប់រូបនៃរដ្ឋបាលខណ្ឌកំបូលដែលបានលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីទទួលខុសត្រូវ ខិតខំបម្រើការងារដោយមិនខ្លាចនឿយហត់រហូតរដ្ឋបាលខណ្ឌទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌកំបូល ប្តេជ្ញានឹងបន្តយកចិត្តទុកដាក់បំផុតចំពោះការងារសេវាសង្គមនេះជាបន្តទៀត៕
ដោយ ៖ សិលា