ព័ត៌មានទាន់ហេតុការណ៍៖

ចម្ការស្វាយចន្ទីជិតមួយម៉ឺនហិកតាកំពុងប្រមូលផលនៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ខណៈតម្លៃគ្រាប់ស្វាយចន្ទីទទួលបានថ្លៃចាប់ពី៣.០០០រៀលទៅ៥.០០០រៀល នៅទូទាំង​ខេត្តមណ្ឌលគិរីមាន​ផ្ទៃដីទ​ទួ​ល​​ផល រហូតដល់ទៅជិត១ម៉ឺនហិកតា គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី បានថ្លែងឲ្យដឹងថា « សព្វថ្ងៃនៅខេត្តមណ្ឌល​គិរី ផ្ទៃដីដាំដុះដំណាំស្វាយចន្ទី ផ្ទៃដីដាំ ដុះសរុប ១១ ១៣៦ ហិកតា (ក្រុមហ៊ុន ៣ ២៥៤ហិកតា)​​ ហើយទំហំផ្ទៃដីដែ​លទទួលផ​លសរុបមានចំនួន៩៦៥០ហិកតា »។ លោក សុង ឃាង បន្តថា « ចម្ការស្វាយចន្ទីនៅតាម បណ្តាក្រុងស្រុកទាំង៥របស់ខេត្តរួមមាន ១.ស្រុកកែវ សីមា មាន៣ ៩៦០ហិកតា (ក្នុងនោះក្រុមហ៊ុន ៧៤១ ហិកតា) ផ្ទៃដីប្រមូលផល ៣ ៣៥៤ ហិកតា,២.ស្រុកកោះញែក៥០៩០ហិកតា(ក្រុមហ៊ុន ២ ២៩៨ហិកតា) ផ្ទៃដីប្រមូលផល ៤ ៤៣៨ ហិកតា ។ ៣.ស្រុកអូររាំង ៥៦៨ ហិកតា ផ្ទៃដីប្រមូលផល ៥៦៨ ហិកតា ។ ៤. ស្រុកពេជ្រាដា ១ ១២៩ ហិកតា (២១៥ ហិកតា )ផ្ទៃដីប្រមូលផល ៩០៥ ហិកតានិង៥. ក្រុងសែនមនោរម្យ ៣៨៩ ហិកតាផ្ទៃដីប្រមូលផល​ ៣៨៥ ហិកតា ។ ចំពោះគ្រាប់ស្វាយចន្ទីធម្មតាតម្លៃចាប់ពី ៣ ០០០រៀល ទៅ ៣ ៨០០៛/គ.ក្រ និងគ្រាប់ធំតម្លៃ ៥០០០៛/គ.ក្រ » ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសំណូមពរដល់បងប្អូនប្រជាកសិករទាំងអស់ ត្រូវចេះ​សហការជាមួយមន្ត្រីជំនាញកសិកម្ម ឬអ្នកបច្ចេកទេសនានា ដែលនៅជិតបងប្អូន ដើម្បីអាចសិក្សាស្វែងយល់អំពីពូជដំណាំល្អ ឬវិធីសាស្ត្រ​ក្នុងការដាំដុះថែទាំដំណាំឲ្យទទួលបានផលល្អ និងមានតម្លៃក្នុងទីផ្សារបានថ្លៃ៕

ដោយ៖ សូរិយា


ចែករំលែក៖