ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ ចំរុង ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាអាល្លឺម៉ង់ អំពីវឌ្ឍនភាពការងារលើវិស័យសិទ្ធិមនុស្ស

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច ដឹកនាំដោយ លោក សរ ចំរុង ប្រធានគណៈកម្មការ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសម្របសម្រួលញត្តិ( Petitions Committee) នៃរដ្ឋសភា អាល្លឺម៉ង់ ដឹកនាំដោយ លោកស្រី Martina Stamm-Fibich ប្រធានគណៈប្រតិភូ និងសហការី ក្នុងគោលបំណងពិភាក្សាអំពីស្ថានភាពនយោបាយ សិទ្ធិមនុស្ស និងសង្គម ក្នុងអំឡុងពេលដែលគណៈប្រតិភូសភាអាល្លឺម៉ង់មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សា លោក សរ ចំរុង បានជម្រាបជូនគណៈប្រតិភូថា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច គឺជាគណៈកម្មការមួយក្នុងចំណោមគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលបំពេញភារកិច្ចរបស់ខ្លួនសំខាន់ៗដូចជា ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស និងតាមដាន អង្កេត ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យបានសមស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងលិខិតបទដ្ឋានអន្តរជាតិពាក់ព័ន្ធក្នុងវិស័យសិទ្ធមនុស្ស ដែលព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់។ គណៈកម្មការទទួលពាក្យបណ្តឹងទូទៅពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមដានការអនុវត្តច្បាប់ និងស្វែងយល់ពីវឌ្ឍនភាពការងារក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ ចូលរួមការពារ គាំទ្រ និងជំរុញការលើកស្ទួយសិទ្ធិពលរដ្ឋគ្រប់រូបឱ្យមានសេចក្តីថ្លៃថ្នូរ មានសិទ្ធិស្មើៗគ្នា ដើម្បីធានាសិទ្ធិជាមូលដ្ឋានក្នុងជីវភាពរស់នៅប្រកបដោយសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងសង្គម។

លោកប្រធានគណៈកម្មការ បានលើកឡើងផងដែរថាប្រទេសអាល្លឺម៉ង់ជាដៃគូសំខាន់មួយ ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ចាប់តាំងពីឆ្នាំ ១៩៩២ អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាច្រើនមកដល់កម្ពុជា គិតជាមធ្យមមានចំនួនប្រមាណ៣៨លានដុល្លារក្នុងមួយឆ្នាំ។

លោក សរ ចំរុង បានគូសបញ្ជាក់ផងដែរថា​ ក្នុងនីតីកាលនីមួយៗរបស់រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-អាល្លឺម៉ង់ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យបានរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យសិទ្ធិមនុស្ស តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ដើម្បីចែករំលែកបទពិសោធការងារ និងផ្លាស់ប្តូរទស្សនទានគ្នា។

ឆ្លៀតក្នុងឱកាសនេះដែរ លោក សរ ចំរុង បានស្នើសុំឱ្យមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ និងកម្មវិធីអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ IGZ ដែលបានចូលរួមចំណែកដល់ការកសាងសមត្ថភាពតំណាងរាស្ត្រ និងមន្ត្រី អគ្គលេខាធិការដ្ឋានរដ្ឋសភានាពេលកន្លងមក។ លោក បានស្នើសុំឲ្យស្ថាប័នទាំងពីរនេះ ជួយគាំទ្រដល់រដ្ឋសភាកម្ពុជាបន្តទៀត ជាពិសេសផ្តល់អាហារូបករណ៍លើជំនាញបច្ចេកវិទ្យា ដើម្បីកសាងសមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ឱ្យមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបម្រើសេវាជូនតំណាងរាស្រ្ត ឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង និងស្របតាមទស្សនវិស័យរបស់រដ្ឋសភានីតិកាលទី៧ ដែលកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍស្ថាប័នឱ្យទៅជាសភាឌីជីថល នាពេលអនាគត។

លោកស្រី Martina Stamm-Fibich បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់ លោក ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ លោកស្រីបានលើកឡើងផងដែរថា ក្នុងមួយឆ្នាំៗ គណៈកម្មការបានទទួលញត្តិចំនួន១៤០០០ នៅថ្នាក់ជាតិ ហើយនឹងថ្នាក់ក្រោមជាតិយើងមានគណៈកម្មការដូចគ្នាស្រដៀងនៅកម្ពុជាដែរ។ លោកជំទាវបានបន្តទៀតថា ដោយសារតែពួកយើងជាសមាជិក EU ដូច្នេះហើយទើបយើងមានសហប្រតិបត្តិការដ៏ស្និទ្ធបំផុត។ 

លោកស្រី បានបញ្ជាក់ទៀតថា ក្រុមការងាររបស់ពួកយើងដែលពាក់ព័ន្ធទៅនឹងច្បាប់ថ្នាក់ជាតិ អញ្ចឹងហើយការងាររបស់ពួកយើងឆ្លុះបញ្ចាំងអំពីសមាជិកសភាទាំងអស់ដែលមានសមាជិក និងក្រុមបច្ចេកទេសនីមួយៗ ដើម្បីពិភាក្សាការងារជាមួយពួកគាត់គ្រប់ដំណាក់កាល ក្នុងការត្រៀមច្បាប់ទៅលើតាំងពីគ្រប់វិស័យសាធារណការ រហូតដល់សង្គមកិច្ចគ្រប់វិធានបទគឺមានតំណាង និងក្រុមការងារ​ ៕

ដោយ ៖ សិលា


ចែករំលែក៖