ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធ ខួបនៃទិវាសន្តិភាពនៅកម្ពុជា គឺដើម្បីរំលឹកពីការបំពេញភារកិច្ចកន្លងមកដែលមានភស្តុតាងពិតប្រាកដ ក៏ដូចជាស្នាដៃនានាសម្រាប់ទុកជូនអ្នកជំនាន់ក្រោយ ក្នុងការកសាងនូវមោទនភាពជាតិ សេចក្តីស្រឡាញ់ចំពោះសន្តិភាព ការស្អប់ខ្ពើមសង្រ្គាម ការរួបរួមសាមគ្គីក្នុងនាមជាប្រជាជាតិខ្មែរតែមួយ ដោយស្គាល់អំពីសច្ចៈភាពនៃប្រវត្តិសាស្រ្តរបស់ខ្លួន ជាមាគ៌ាសម្រាប់ថែរក្សាសន្តិភាពប្រកបដោយ ចីរភាព។
នៅក្នុងពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) នៅថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤ លោក នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា ការចូលរួមអបអរសាទរខួបលើកទី២៦នៃការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជាដោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ជា ទិវាសន្តិភាពនៅកម្ពុជា គឺជាមោទនភាពថ្មីមួយ ថែមទៀតសម្រាប់ប្រជាជនកម្ពុជា និងការលើកកម្ពស់អត្តសញ្ញាណនៃការគាំទ្រ ការពារ និងថែរក្សា សន្តិភាពនៅកម្ពុជាពីគ្រប់មជ្ឈដ្ឋាន។
លោក នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានគូសបញ្ជាក់ថា ទិវាសន្តិភាពនៅកម្ពុជា ក៏បានបង្ហាញពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលកសាងបាននៅក្នុងសម័យកាលនៃសន្តិភាព ក្នុងរយៈពេល២៦ឆ្នាំមកនេះ ស្របតាមទិសស្លោក «មានសន្តិភាពមានការអភិវឌ្ឍ មានការអភិវឌ្ឍរក្សាបាននូវស្ថិរភាពនិងសន្តិភាព»៕
ដោយ ៖ សិលា