ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញ ជា អធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កុដិ និងបុណ្យឆ្លងសមិទ្ធផលនានា ស្ថិតនៅវត្តអម្ពវ័ន្ត ភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត។
ក្នុងឪកាសនោះក៏ មានការនិមន្តចូលរួម និងចូលរួមពីព្រះវិសាលធម្មគុណ ទេព វាសនា ព្រះអនុគណក្រុង និងជាព្រះគ្រូចៅអធិការវត្តព្រៃអង្គុញ និងព្រះគ្រូចៅអធិការវត្តក្នុងក្រុង លោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានការិយាល័យចំណុះក្រុង សប្បុរសជននានាដែលបានឧបត្ថម្ភ លោកគ្រូអាចារ្យ លោកយាយលោកតាចំណុះជើងវត្ត និងប្រជាពលរដ្ឋប្រមាណជាង ៣៥៧នាក់ ។
លោក លឹម សៀងហេង បានលើកឡើងថា នៅក្រុងបាវិត មានការរីកចម្រើនគួជាទីមោទន ដោយឡែកការប្រតិបត្តិសាសនា នានាក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការបើកទូលាយ លើសេរីភាពជំនឿសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកបញ្ហាសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជាបញ្ហាដ៏មានសារៈសំខាន់ ដើម្បីធានាដល់សុខសន្តិភាពការបង្រួបបង្រួមជាតិ ក៏ដូចជាការអភិវឌ្ឍសង្គមជាតិ។
លោកអភិបាលក្រុង បានបន្តថា ក្នុងនោះទីអារាមក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ កុមារ និងជនក្រីក្រផងដែរ ទីអារាមបានក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាជាកន្លែងសម្រាប់ សុំសីលធ្វើទានកុមារ និងយុវជនមួយ ចំនួនដែលមិនមានលទ្ធភាពក៏បានប្រើប្រាស់ទីអារាមនេះ ដោយមួយចំនួនបានបួសដើម្បីបន្តការសិក្សា និងមួយចំនួនទៀតក៏បានស្នាក់នៅដើម្បីបន្តការសិក្សា។
លោក បានបញ្ជាក់បន្ថែមទៀតថា ទាំងអស់នេះ គឺជាផលប្រយោជន៍ សម្រាប់សង្គមជាតិទាញចេញពីការកសាងក្នុងវិស័យពុទ្ធចក្រ ហើយការដឹកនាំវិស័យអាណាចក ក៏ជាកត្តាកំណត់នៃការរីកចម្រើន ផ្នែកពុទ្ធចក្រ គឺ «ចំណងទាក់ទងគ្នារវាងអាណាចក្រ និងពុទ្ធចក្រ គឺមិនអាចកាត់ផ្តាច់បាននៅពេលដែលផ្នែកអាណាចក្រដាក់ ចេញនូវគោលនយោបាយមិនត្រឹមត្រូវតែវិស័យសាសនាក៏ត្រូវទទួលរងនូវការខូចខាតទៅតាមនោះដែរ» ហើយអ្វីដែលយើងមិនអាចបំភ្លេចបាននោះ គឺនៅក្នុងសម័យ ប៉ុល ពត សាសនាត្រូវបានបំផ្លិចបំផ្លាញចោលទាំងអស់មិនថាតែសាសនាព្រះពុទ្ធសាសនាដទៃនោះទេ។
លោក បានបន្ថែមថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃនៃការរស់រានមានជីវិតឡើងវិញនៃប្រជាជន ហើយគ្រប់សាសនាទាំងអស់ក៏ត្រូវបានគោរពប្រតិបត្តិឡើងវិញដោយភាពសុខដុមរមនា គ្មានការរើសអើង និងក្រោមម្លប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាបំណងប្រាថ្នាធំ របស់ប្រជាជនកម្ពុជា និងជាសមិទ្ធផលនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង ៤០ឆ្នាំកន្លងមកនេះ។
សូមបញ្ជាក់ថា លោក លឹមសៀងហេង អភិបាលក្រុង បានជួយកសាងចំនួន ១០០០ ដុល្លារ ដោយអ្នកអ្នកចូលរួម ក្នុងម្នាក់ទទួលបានសារ៉ុង១ និងថវិកា ១ម៉ឺនរៀល រដ្ឋបាលសង្កាត់ ៥០ម៉ឺន រៀល និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ៥០ម៉ឺន រៀល យុវជនក្នុងវត្តចំនួន ៨នាក់ ១នាក់ទទួលបានថវិកា ៤ម៉ឺនរៀល សរុបថវិកាចំណាយទាំងអស់ចំនួន ១០០០ ដុល្លារ និង ១០លាន រៀល៕
ដោយ៖ សុថាន