ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានបានបង្ហើបថា នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីរាជការសាលា ក្រុងព្រះសីហនុ បានបើកប្រជុំក្រុមប្រឹក្សា ដែលមានសមាជិក និង អ្នកចូលរួមសរុប៥៦នាក់ នៅក្នុងកិច្ចប្រជុំនោះដែរ សមាជិកក្រុមប្រឹក្សាក្រុង ទទួលបន្ទុករៀបចំកិច្ចប្រជុំ និងបញ្ជូនសារ ក៏បានកុម្ម៉ង់ទិញនំសាំងវិច សម្រាប់ជាអាហារសម្រន់ ពីហាងសំពៅមាស២ ដែលមានទីតាំងនៅខាងលិចសាលាក្រុងព្រះសីហនុ។
ប្រភពសុំមិនបញ្ចេញឈ្មោះបង្ហើបទៀតថា មនុស្សដែលបានទទួលទាននំសាំងវិចនោះ មានប្រហែល ៥០ នាក់។ ក្រោយពីបញ្ចប់កិច្ចប្រជុំ ក៏នាំគ្នាត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនដើម្បីសំរាក។ ស្រាប់តែដល់ពាក់កណ្តាល យប់ម៉ោងប្រមាណជា១១-១២ យប់ថ្ងៃទី២៦ខែធ្នូ ស្រាប់ តែម្នាក់ៗ ចុកពោះរាគមួល ប្រកាច់ប្រកិនស្រដៀងៗគ្នា រហូតមកដល់ថ្ងៃទី២៨-២៩ ខែ ធ្នូ ក៏នៅមានមនុស្សភាគច្រើន នៅមិនទាន់បានជាសះស្បើយនៅឡើយទេ។
ពួកគាត់ទាំងអស់គ្នាបានសន្មត់ថា អាការៈឈឺពោះនេះ គឺមកពីពុលចំណីអាហារ តែមកពីអ្វីឲ្យប្រាកដមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ ។
ទាក់ទិននឹងរឿងនេះអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបញ្ជាក់ណាមួយពីម្ចាស់ហាង ឬមន្ត្រីជំនាញបាននៅឡើយទេថា តើពួកគាត់ឈឺនោះមកពីមូលហេតុអ្វីឲ្យប្រាកដ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ។
សម្រាប់រឿងដែលបានកើតឡើងនេះ តើនរណាជាអ្នក ទទួលខុសត្រូវ ។ ទាក់ទងនិងបញ្ហានេះផងដែរ អ្នកប្រកបអាជីវកម្មលក់ចំណីអាហារ និងមន្ត្រីជំនាញពាក់ពន្ធ័គួរតែយកទុកធ្វើជាបទពិសោធន៍ និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងជួបទៀតនៅពេលក្រោយ ៕
ដោយ៖ សូរិយា