ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក សរ សុពុត្រា អភិបាលនៃ គណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តស្ទឹងត្រែងនិងលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធី ទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ សម័យឌីជីថល»នៅសាលប្រជុំ សាលាខេត្តស្ទឹងត្រែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តនិង លោកប្រធានសាលាដំបូងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាល ក្រុង ស្រុក យុវជន សិស្ស និស្សិតជាច្រើននាក់ ។
លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងលទ្ធផលស្តីពីការងាររបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តស្ទឹងត្រែង រយៈពេល ១ឆ្នាំ កន្លងមក។
លោកស្រីបានបន្តថា ការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។
ក្នុងឱកាសនោះដែរលោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីការ អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ រួចមក។
លោកអភិបាលខេត្តបានបន្ថែមថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា គ្រប់លំដាប់ថ្នាក់ មាន ការណែនាំគ្រប់ជ្រុងជ្រោយ ក្នុងការរួមគ្នា ទាំងអាជ្ញាធរ សមត្ថកិច្ចគ្រប់មូលដ្ឋាននាំគ្នាទប់ស្កាត់ឱ្យបានពីការជួញដូរមនុស្សគ្រប់រូបភាព គ្រប់រូបទម្រង់ ការឆ្លងដែនដោយខុសច្បាប់ គ្រឿងញៀន ក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទកុំឱ្យមានកើតឡើងនៅក្នុងខេត្ត ពិសេសមេខ្យល់លួចពលករឆ្លងដែនដោយខុសច្បាស់ នៅតាមច្រកព្រំដែន ជាដើម៕
ដោយ៖ សូរិយា