ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងដាច់ហ្វ្រាំងបុករថយន្តដឹកស្រាបៀរហនុមាន​ បណ្ដាលឱ្យក្រឡាប់នៅពេជ្រនិល និងមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹង​នៅថ្ងៃទី​២៩​  ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ រថយន្តសណ្ដោងមួយគ្រឿងបានដាច់ហ្វ្រាំងរេចង្កូតទៅបុករថយន្តដឹកស្រាបៀរហនុមាន ដែលបើកបរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យក្រឡាប់ធ្លាក់ចំណោទយាយម៉ៅពេជ្រនិល​ និងមនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាល​ ដោយបង្កឡេីងកាលពី វេលាម៉ោង១០ និង៤០នាទី យប់ថ្ងៃទី២៨ កុម្ភៈ ២០២៤ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៦-១០៧ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 

    បេីតាមប្រភពពីសមត្ថកិច្ចបាននៅដឹងថា មានករណីរថយន្តដាច់ហ្រ្វាំងរេចង្កូតប៉ះរថយន្ត ដែលបើកបរបញ្រ្ចាសទិសគ្នា រថយន្ត ម៉ាកHYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3F-7734 បើកបរដោយឈ្មោះ តា រតនា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នករួមដំណើរ០៣នាក់ ។

      ប្រភពដដែលបន្តថា​ តាមសាក្សីបានបញ្ជាក់ថា រថយន្តបង្កបេីកមកដល់ចំណុចខាងលើ បានដាច់ហ្រ្វាំងរេចង្កូតទៅប៉ះរថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3F-0268 សណ្ដោងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខព្រះសីហនុ4A-1156 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានចុះរត់គេចពីកន្លែងកើតហេតុ) ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈរួមមាន របួសមនុស្ស០៤នាក់ ប្រុស ធ្ងន់០២នាក់ (ឈ្មោះ តា រតនា.ទូច ពិសី.ស្រួច កក្កដា.និងឈ្មោះឡៃ ស៊ីវម៉េង)ត្រូវបានរថយន្តសង្គ្រោះបញ្ជាការដ្ឋានការពារកោះឆ្នេរបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ​ ។ 

      ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ មានរថយន្តខូចខាតចំនួន០២គ្រឿងត្រូវសមត្ថកិច្ចនគរបាលជំនាញបានចុះពិនិត្យទីតាំងកេីតហេតុ និងធ្វេីការវាស់វែងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖