ភ្នំពេញ ៖ សេចក្តីបំភ្លឺករណីបុរសម្នាក់កើតទុក្ខមិនសុខចិត្តថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តលទ្ធផលជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបុរសម្នាក់កើតទុក្ខមិនសុខចិត្តថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់ ៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងថែមទាំងចោទប្រកាន់មន្រ្តីជំនាញអនុវត្តច្បាប់បានកែច្នៃម៉ាស៊ីនតេស្តជាតិស្រវឹង ដើម្បីផាកពិន័យយកប្រាក់គាត់។
បន្ទាប់ពីឃើញមានការចុះផ្សាយព័ត៌មានបែបនេះ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ ស្នងការរង ទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើស្រាវជ្រាវលើករណីនេះជាបន្ទាន់។
នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានកោះហៅអ្នកបើករថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-9617 ឈ្មោះ ខេង សុជាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ ចូលមកសួរនាំនៅកន្លែងធ្វើការរបស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ។ នៅពេលនោះសមត្ថកិច្ច ក៏បានពន្យល់ពីការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងដោយម៉ាស៊ីននោះផលិតនៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានដាក់ឱ្យប្រើប្រាស់តាមផ្លូវច្បាប់និងមានការត្រួតពិនិត្យបច្ចេកទេសស្តង់ដាត្រឹមត្រូវដោយ ទទួលស្គាល់តាមរបៀបរបបស្តង់ដាប្រតិបត្តិ (standard operation procedure) ហៅកាត់ (SOP) ដោយមន្រ្តីអ្នកអនុវត្តច្បាប់នៅគោលដៅ មិនអាចកែច្នៃម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះបានឡើយ។ ម៉ាស៊ីននេះត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការទូទាំងប្រទេសសម្រាប់ធ្វើតេស្តជាតិស្រវឹង ហើយជាទូទៅម៉ាស៊ីននេះបើធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹងគឺឃើញ ហើយបើគ្មានជាតិស្រវឹងគឺគ្មាន។ មិនតែប៉ុណ្ណោះបណ្តាប្រទេសមួយចំនួននៅលើពិភពលោកក៏គេប្រើប្រាស់ម៉ាស៊ីននេះផងដែរ។ អ្វីដែលជាការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹងនៅរយៈពេលជាង០១ខែមកនេះដែលសមត្ថកិច្ចចុះអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងពិនិត្យជាតិស្រវឹង គឺមិនមានបាតុភាពតវ៉ារបស់ប្រជាពលរដ្ឋអ្នកធ្វើតេស្តរកឃើញជាតិស្រវឹងទៅលើការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះទេ។
ប៉ុន្តែក្នុងករណីដែលឈ្មោះ ខេង សុជាតិ អ្នកបើករថយន្ត LEXUS RX330 កើតទុក្ខមិនសុខចិត្តលើការអុវត្តច្បាប់ចំពោះខ្លួន សូមធ្វើការប្តឹងរកយុត្តិធម៌មកប្រធានអង្គភាព ឬទៅតុលាការ ពីព្រោះសមត្ថកិច្ចអនុវត្តទៅតាមជំនាញលទ្ធផលម៉ាស៊ីនធ្វើតេស្តស្តង់ដាហើយរកឃើញជាតិស្រវឹង 0.33mg/L ដែលត្រូវផាកពិន័យ ៤០ម៉ឺនរៀល តាមច្បាប់ និងក៏បានណែនាំដោយមិនត្រូវសម្ភាសន៍ជាមួយអ្នកសារព័ត៌មានចោទប្រកាន់គ្មានមូលដ្ឋាន បង្កប៉ះពាល់ កិត្តិយសអង្គភាព និងមន្រ្តីសមត្ថកិច្ចអនុវត្តច្បាប់ និងថែមទាំងធ្វើឱ្យបាត់បង់ជំនឿរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចអនុវត្តច្បាប់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ជាក់ស្តែងក្នុងរយៈពេល០១ខែក្នុងយុទ្ធនាការ អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹងនៅពេលយប់គឺសង្កេតឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ។
សូមបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅគោលដៅខាងមុខផ្សារព្រែកព្នៅ សមត្ថកិច្ចពិនិត្យយានយន្តសរុប៦៦គ្រឿង (រថយន្ត ចំនួន៤៥គ្រឿង, ម៉ូតូ ចំនួន២១គ្រឿង) ក្នុងចំណោមយានយន្តទាំងនេះ សមត្ថកិច្ចពិនិត្យធ្វើតេស្តចំពោះអ្នកបើកបរយានយន្ត គឺមានអ្នកបើកក្រោមឥទ្ធិពលជាតិស្រវឹងសរុប ០៦គ្រឿង ប៉ុណ្ណោះ (រថយន្ត ចំនួន០១គ្រឿង, ម៉ូតូ ចំនួន០៥គ្រឿង)។
អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា