នាវាចម្បាំងអាល្លឺម៉ង់ F221 Hessen ប៊ិះបាញ់ទម្លាក់យន្តហោះចម្បាំង MQ-9 Reaper UAV របស់កងទ័ពអាកាសអាមេរិក នៅលើសមុទ្រក្រហម ខណៈកំពុងការពារការវាយប្រហារ UAV របស់ Houthi ។
កងកម្លាំង Houthi របស់យេម៉ែន បន្តបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពដឹកជញ្ជូននៅសមុទ្រក្រហម ដោយធ្វើការវាយប្រហារម្តងហើយម្តងទៀតជាមួយនឹងយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចប្រឆាំងនាវាលើនាវាចម្បាំងលោកខាងលិច និងកប៉ាល់ពាណិជ្ជកម្មពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អុីស្រាអែល…។
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះថា នាវាចម្បាំងអាល្លឺម៉ង់១គ្រឿង ដែលត្រូវបានបញ្ជូនឱ្យទៅការពារកប៉ាល់ពាណិជ្ជកម្មនៅតំបន់សមុទ្រក្រហម ប៊ិះបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក១គ្រឿង ដោយសារការភ័ន្តច្រឡំ។
ក្រសួងការពារជាតិអាល្លឺម៉ង់បានចេញមុខទទួលស្គាល់ថា ពិតជាមានឧប្បត្តិហេតុយន្តហោះដ្រូនមួយ ពាក់ព័ន្ធជាមួយប្រទេសសម្ព័ន្ធមិត្ត ដែលបានកើតឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ប៉ុន្តែមិនបានបញ្ចេញឈ្មោះប្រទេសនោះចំៗឡើយ។ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានឱ្យដឹងថា នាវាចម្បាំងអាល្លឺម៉ង់ Hesse បានបើកការបាញ់ប្រហារ បន្ទាប់ពីការព្យាយាមកំណត់អត្តសញ្ញាណលើ យន្តហោះដ្រូនមិនស្គាល់ប្រភពមួយគ្រឿង មិនទទួលបានជោគជ័យ ប៉ុន្តែគោលដៅនោះពុំត្រូវបានបាញ់ចំឡើយ ហើយក្រោយមកទៀត យន្តហោះដ្រូនដដែលត្រូវបានកំណត់ឃើញថា ជាយន្តហោះដ្រូនប្រភេទឈ្លបយកការណ៍។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Der Spiegel នាវាចម្បាំង Hesse បានបាញ់មីស៉ីល២គ្រាប់សំដៅទៅរកយន្តហោះដ្រូននោះ ប៉ុន្តែមីស៉ីលទាំង២បានធ្លាក់ចូលសមុទ្រទាំងអស់ ដោយសារបញ្ហាបច្ចេកទេស។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានអះអាងថា យន្តហោះដ្រូនដែលប៊ិះត្រូវបានបាញ់ទម្លាក់នោះ គឺជាយន្តហោះដ្រូន Reaper របស់សហរដ្ឋអាមេរិក។
នាវាចម្បាំង Hesse បានធ្វើដំណើរទៅដល់តំបន់ខាងលើ កាលពីចុងសប្តាហ៍មុន ក្រោមក្របខ័ណ្ឌនៃបេសកកម្មមួយរបស់ EU ដើម្បីជួយធានាសន្តិសុខដល់សកម្មភាពដឹកជញ្ជូនអន្តរជាតិនៅតំបន់សមុទ្រក្រហម ដែលបច្ចុប្បន្នស្ថិតក្រោមការវាយប្រហារជាប្រចាំ ពីសំណាក់ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន។ ក្រុមហ៊ូទីបានអះអាងថា ការវាយប្រហារបស់ពួកគេដែលបានចាប់ផ្តើមតាំងតែពីខែវិច្ឆិកា ឆ្នាំមុនមក គឺដើម្បីចូលរួមបង្ហាញសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីននៅតំបន់ Gaza Strip ចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែល នឹងក្រុមហាម៉ាស់៕
ដោយ៖ ធីរីណា(រូបថត៖ defenceturk.net)