ព័ត៌មានទាន់ហេតុការណ៍៖

សមាគមពលរដ្ឋខ្មែរទាំង៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រង់ចាំស្វាគមន៍វត្តមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤-៦ ខែមីនា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់សមាគមពលរដ្ឋខ្មែរទាំង៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រង់ចាំស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤-៦ ខែមីនា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ។

យើងខ្ញុំទាំងអស់គ្នាជាតំណាងឱ្យ សមាគមពលរដ្ឋខ្មែរទាំង៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រួមមាន៖

១. សមាគមខ្មែរ-អូស្ត្រាលី នៃរដ្ឋហ្មឺនស្លែនដ៍

២. សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា

៣. សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី

៤. សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង

៥. សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្វីងតុន

យើងខ្ញុំទាំងអស់គ្នាមានកិត្តិយសដ៏ជ្រាលជ្រៅបំផុត សូមស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤-៦ ខែមីនា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ កិច្ចប្រជុំកំពូលពិសេសនេះគឺជា កិច្ចប្រជុំផ្លូវការរវាងអាស៊ាននិងអូស្ត្រាលីនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងការពង្រឹងភាពដៃគូជាយុទ្ធសាស្ត្ររបស់ អូស្ត្រាលីជាមួយអាស៊ាន ហើយនឹងផ្តល់ផលប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចនិងសន្តិសុខជារូបវ័ន្ត ដល់អូស្ត្រាលីក៏ដូច ជាអាស៊ានផងដែរ។

ការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា មកចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី គឺឆ្លើយតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ដែលបង្ហាញពីភាពស្មើមុខស្នើ មាត់របស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យមួយក្នុងតំបន់អាស៊ាន។

ឆ្លៀតឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ ដូច្នេះយើងខ្ញុំតំណាងឱ្យសមាគមកម្ពុជាទាំង៥ ខាងលើ សូមប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងធ្វើបាតុកម្ម ណាមួយក្នុង កំឡុងពេលដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយក្រុមមួយក្តាប់តូច ដែលមិន ទទួលស្គាល់ការពិត ហើយសកម្មភាពរបស់ក្រុមនេះ មិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់ប្រជាជនខ្មែរដែលរស់នៅក្នុង ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ នោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖