ខេត្តរតនគិរី៖ ករណីឃាតកម្មកាប់សម្លាប់បានកើតឡើងកាលពីវេលាម៉ោង៩ និងប៣០នាទីយប់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យបានធ្វើ សកម្មភាពយកពូថៅកាប់ ទៅលើជនរងគ្រោះជាប្តីនិង ប្រពន្ធបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ថា ករណីឃាតកម្មសម្លាប់២នាក់ប្តីប្រពន្ធ បានកើតឡើងដោយប្រើពូថៅនៅស្រុកកូនមុំនោះ ជនដៃដល់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាននៅរសៀលថ្ងៃដដែលនេះហើយ។
លោកឧត្តមសេនីយ៍ត្រី បានឱ្យដឹងថា ជន សង្ស័យជាប្អូនប្រុសបង្កើតស្រ្តីរងគ្រោះ។ ជនសង្ស័យក្រោយពីធ្វើសកម្មភាពសម្លាប់បងបង្កើត និងបងថ្លៃរួច បានជិះម៉ូតូគេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា មូលហេតុគឺមានទំនាស់ក្នុងគ្រួសារ។
បើតាមលោកឧត្តមសេនីយ៍ស្នងការរង, ជនដៃដល់ត្រូវបានកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុក និងនគរបាលមូលដ្ឋាន ស្រាវជ្រាវរហូតដល់វេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំន២០២៤ ទើបចាប់ខ្លួនបាន នៅចំណុចអូរកញ្ជាន់ ឃុំតឺន ស្រុកកូនមុំ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបំពេញបែបបទសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានឱ្យដឹងថា ជន រងគ្រោះទាំង២នាក់រួមមាន៖ ទី១៖ ឈ្មោះ ហាន ហន អាយុ៦១ឆ្នាំ មុខរបរកសិករស្លាប់កន្លែងកើតហេតុ និងទី២៖ ឈ្មោះ ណែម សុខជា អាយុ៥៧ឆ្នាំ មុខរបរកសិករ (ប្រពន្ធ) ស្លាប់កន្លែងកើតហេតុ។ អ្នកទាំង២ មានទី លំនៅបច្ចុប្បន្នភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី៕
ដោយ៖ សូរិយា