ខេត្តក្រចេះ ៖ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងកែច្នៃក្បាលឆក់មួយកន្លែងនៅស្រុកស្នួល ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំ សម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តនិងមានការចូលរួមពីលោក អភិបាលស្រុកស្នួល, កំលាំងអធិការដ្ឋាននគរបាលស្រុក,លោកមេឃុំ, នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ បានចុះបង្ក្រាបទីតាំងផលិត ទិញ-លក់ និងរក្សាទុកឧបករណ៍ឆក់(ត្រី)មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ដែលម្ចាស់ទីតាំងមានឈ្មោះ សៀង សៀកត្រាយ ជាតិខ្មែរ ភេទប្រុស អាយុ៣១ឆ្នាំ ។
វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ៖
1. អាំងវុិចទ័រឆក់ត្រីប្រភេទស្រូប និងក្តៅនាំចូលពីប្រទេសចិន ចំនួន ២២គ្រឿង
2. អាំងវុិចទ័រកែច្នៃ(ឆក់ក្តៅ)ចំនួន ១៥គ្រឿង។
3. ប្រអប់ឈើសម្រាប់កែច្នៃអាំងវុិចទ័រឆក់ត្រី ចំនួន ២៨០ប្រអប់។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម,រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះបានមាន ប្រសាសន៍ថា ការលក់ឬរក្សាទុកឧបករណ៍ឆក់ និងសម្ភារៈផ្សេងទៀតដើម្បីបម្រើឲ្យការនេសាទល្មើសច្បាប់ គឺជាអំពើខុសច្បាប់។ ជាពិសេសអ្នកផលិតសម្ភារៈនិងឧបករណ៍អេឡិចត្រូនិច បម្រើឲ្យការឆក់ឬឧបករណ៍នេសាទល្មើសច្បាប់ត្រូវតែបញ្ឈប់។
លោកនាយខណ្ឌបានឲ្យដឹងថា វត្ថុតាងនិងបុរសជាម្ចាស់ ផ្ទះ ដែលជាអ្នកលក់ដុំឆក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តក្រចេះនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៤ នេះរួចហើយ។ លោកបានបញ្ជាក់ថា វត្ថុតាងទាំងអស់ និងម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំមកខណ្ឌរដ្ឋបាលជលផលក្រចេះ កសាងសំណុំឯកសារបញ្ជូនទៅសាលា ដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីរួចរាល់ហើយ។
លោក ម៉ុក ពន្លក អំពាវនាវឲ្យប្រជាពលរដ្ឋ កុំរក្សាទុកឬលក់ដូរដុំម៉ូទ័រឆក់ត្រីដែលជាឧបករណ៍នេសាទល្មើស ច្បាប់នេះ ហើយលោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាធនធានមច្ឆជាតិឲ្យបានគង់វង្ស ដើម្បីជាមរតកសម្រាប់ប្រជាជាតិយើងទៅអនាគត៕
ដោយ៖ សូរិយា