ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់​ ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

ចែករំលែក៖

  ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ១នាក់​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ នៅរសៀលថ្ងៃប្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​។

  សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង១៦និង១៨នា​ទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ អាន ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ​ បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃប្រព្រឹត្តកាលពីវេលាម៉ោង០១និង១០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ​ កេ សុខវី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ននៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ 

 លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ ជនរងគ្រោះបានរៀបរាប់ថា ខ្លួនធ្វើការនៅក្នុងក្រុមហ៊ុនមួយ ក្នុងបុរីសានកូ ផ្នែកអ្នកបកប្រែភាសាចិន ពេលកំពុងធ្វើការខ្លួនតែងតែមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងធ្វើការ ស្រាប់តែឃើញបុគ្គលិកសន្តិសុខ​ ជាជនសង្ស័យដើរចូលទៅក្នុងបន្ទប់ធ្វើការផ្សេងទៀត ដែលគ្មានមនុស្សនៅ និងបានលួចយកទូរស័ព្ទដៃដែលក្រុមហ៊ុនទុកសម្រាប់ធ្វើការងារជាច្រើនគ្រឿងដាក់ចូលក្នុងហោប៉ៅ រួចដើរចេញមក​ធ្វើការវិញជាធម្មតា  ហើយរូបខ្លួនក៏ប្តឹងមកសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតែម្តង។

   លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថាបន្ទាប់ពីទទួលបានពាក្យបណ្ដឹង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែង កើតហេតុធ្វើការ ឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងមាន៖ ១-ទូរស័ព្ទម៉ាក IPhone7 ពណ៌ខ្មៅ​ ចំនួន០៨គ្រឿង,២-ទូរស័ព្ទម៉ាក IPhone7 ពណ៌ទឹកមាស ចំនួន០២គ្រឿង,​ ៣-ទូរសព្ទម៉ាក IPhone7 ពណ៌ផ្កាឈូក ចំនួន០១គ្រឿង,​ ៤-ទូរស័ព្ទម៉ាក IPhone7 ពណ៌ក្រហម​ ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានលួចទូរស័ព្ទរបស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី​។ ចំណែកវត្ថុតាង​ទូរស័ព្ទត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ប្រគល់ជូនម្ចាស់ដេីមវិញ៕

ដោយ៖ វណ្ណា


ចែករំលែក៖