ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើប​ MCLAREN ពាក់ផ្លាកលេខកម្ពុជា​ បុករបាំងថ្មពុះចែកទ្រូងផ្លូវមុខផ្សារអុីអន១​ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើប MCLAREN ពាក់ផ្លាកលេខកម្ពុជា GAN.2790 មួយគ្រឿងបានបេីកបរជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ខ្ទាតចេញអស់ចំនួន០៣កង់​ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤​ ស្ថិតនៅចំណុចមុខផ្សារទំនើប អ៉ីអនម៉លទី១ វិថីសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប១គ្រឿងម៉ាក MCLAREN ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខ កម្ពុជា GAN.2790 បើកបរក្នុងល្បឿនលឿន តាមបណ្តោយវិថីសម្តេចសុធារសពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុទល់មុខផ្សារទំនើបអ៉ីអនម៉ល ស្រាប់តែរេចង្កូតទៅឆ្វេង ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យខូចខាតអស់ចំនួន៣កង់ ទើបរថយន្តបែកកង់រេចង្កូតទៅម្ខាងផ្លូវ មិនអាចបន្តដំណើរទៅមុខទៀតបាន។ 

​      ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ​ ដោយខូចខាតតែរថយន្ត និងរបាំងថ្មតែប៉ុណ្ណោះ ។ ចំណែកម្ចាស់រថយន្តបង្ក បានគេចខ្លួនចេញពីកន្លែងកេីតហេតុបាត់​ ដោយបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ​ ។ 

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖