ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិខំរៃអង្គាសលុយគ្នាទិញសូឡាដាក់បំភ្លឺផ្លូវ ឥឡូវហ្វូងចោរលួចខ្ទេចគ្មានសល់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នំា២០២៤នេះ ចោរ១ហ្វូង បានធ្វើសកម្មភាពកាប់គាស់បង្គោលដែកលួចយកភ្លើងសូឡាអស់គ្មានសល់ នៅម្ដុំភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ បង្គោលសូឡានោះកើតចេញពីការ ដែលអ្នកភូមិបានរៃអង្គាសប្រាក់គ្នា ដើម្បីទិញភ្លើងសូឡានេះបំពាក់បំភ្លឺនៅតាមដងផ្លូវនៅ ក្នុងភូមិ ។

លោក ភី សុខ រស់នៅភូមិជ្រៃកោងប្រាប់ថា អំពូលភ្លើងសូឡា២គ្រាប់ ត្រូវដែលអ្នកភូមិរៃប្រាក់គ្នាទិញយកបំពាក់បំភ្លឺតាមផ្លូវក្នុងភូមិ ត្រូវចោរលួចបាត់ រីឯបង្គោលដែកក៏ពួកចោរព្យាយាមលួចដែរ តែកាច់មិនបាក់ ។ លោកថា សព្វថ្ងៃអ្នកភូមិកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខនៅក្នុងមូលដ្ឋាន ដោយសារតែសកម្មភាពពួកចោរដើរធ្វើសកម្មភាពស្ទើររាល់យប់ ។

អ្នកភូមិកត់សម្គាល់សង្កេតឃើញ ក្រុមចោរហាក់ធ្វើ សកម្មភាពខ្លាំងក្នុងការដើរលួចបង្គោលដែក និងភ្លើងសូឡាដែលបំពាក់បំភ្លឺនៅតាមដងផ្លូវសាធារណៈនានា បង្កអសន្តិសុខនៅក្នុងមូលដ្ឋានយ៉ាងគគ្លើន ខណៈសមត្ថកិច្ចហាក់គ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបបានសូម្បីតែម្នាក់ ។

លោក ភី សុខ ថា កន្លងទៅពួកចោរតែងតែគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ឬលួចសម្ភារផ្សេងៗ តែពេលនេះដល់វគ្គក្រុមចោរដើរលួចអំពូលភ្លើង និងបង្គោលសូឡាម្ដង តែសមត្ថកិច្ចហាក់សំងំស្ងៀមឈឹងមិនកំរើកឡើយ ។ លោកបានបញ្ជាក់ថា សកម្មភាពលោកចោរពេលនេះ បានបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា សកម្មភាពក្រុមចោរដើរលួចបង្គោលដែក និងអំពូលភ្លើងសូឡានៅតាមដងផ្លូវពេលយប់នេះ ហាក់បានកំរើកខ្លាំងនាប៉ុន្មានខែចុងក្រោយនេះ ។ កន្លងមក គេកត់សម្គាល់ឃើញក្រុមចោរ ដែលលួចភ្លើងសូឡានេះ បានធ្វើសកម្មភាពខ្លាំងនៅម្ដុំភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

ពួកចោរតែងធ្វើសកម្មភាពនៅវេលារំលងអធ្រាត្រដែលមួយយប់ៗលួចយ៉ាងតិចចន្លោះពី០៣ ទៅ០៥បង្គោល ឬអំពូលសូឡា ប៉ុន្តែសមត្ថកិច្ចហាក់សំងំស្ងៀមឈឹងមិនកំរើកសោះ បើទោះជាប្រជាពលរដ្ឋចង្អុលបង្ហាញពីពេលវេលាក្រុមចោរតែងធ្វើសកម្មភាព និងភិនភាគនៃពួកចោរក្ដី ក៏សមត្ថកិច្ចនៅតែគ្មានសកម្មភាព គ្មានវិធានការទប់ស្កាត់ ឬ ធ្វើការស្រាវជ្រាវដើម្បីស្វែងរកចោរឡើយ ។

ប្រជាពលរដ្ឋបានលើកឡើងថា កាលពីមុន ក្រុមចោរតែងធ្វើសកម្មដើរលួចកាត់ខ្សែភ្លើង ឥឡូវអស់ខ្សែភ្លើងលួច ពួកចោរបែរជាដើរលួចបង្គោល និងភ្លើងសូឡាម្ដង គឺលួចខ្ទេចលួចខ្ទីរគ្មានសល់អ្វីទេ ឆ្លៀតពេលសមត្ថកិច្ចដេកលក់មិនកំរើកសោះ ៕

ដោយ៖ សូរិយា


ចែករំលែក៖