ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តងោកមួយភាំងរេចង្កូតឡើងសួនច្បារទៅបុកបង្គោលថ្មបណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធបានបើករថយន្ត ចេញពីខេត្តព្រៃវែងមកយកបន្លែនៅផ្សារនាគមាស ពេលបើកមកដល់ក្បែរគល់ស្ពានច្បារអំពៅ ស្រាប់តែងោកមួយភាំងរេចង្កូតឡើងសួនច្បារទៅបុកបង្គោលថ្ម បណ្តាលឲ្យបុរសជាប្តីរងរបួសធ្ងន់ ចំណែកស្រ្តីជាប្រពន្ធរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១២និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានច្បារអំពៅប៉ែកខាងកើត លើផ្លូវជាតិលេខ១ ក្នុងសង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-4901 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតជាប្រពន្ធ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈបើកមកដល់ផ្លូវកោងត្រង់ចំណុចគល់ស្ពានច្បារអំពៅអ្នកបើកបរងោកមួយភាំងបានរេចង្កូតទៅខាងឆ្វេងដៃឡើងសួនផ្លូវ ទៅបុកបង្គោលថ្មចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យគាបជាប់អ្នកបើកបររងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យចំណែកឯស្រ្តីជាប្រពន្ធគ្រាន់តែរងរបួសស្រាល។

បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញ ចុះមកដល់ស្ទូចរថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖