ភ្នំពេញ ៖ សំណុំរឿងគ្រឿងញៀនដ៏ស្មុគ្រស្មាញមួយដែលជនត្រូវចោទកំពុងគេចខ្លួន ហើយជនពាក់ព័ន្ធស្ថិតនៅក្រៅឃុំ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការជំនុំជម្រះក្តីជាសាធារណៈ តែមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទម្នាក់ទាមទារឱ្យតុលាការកោះហៅជនជាប់ពាក់ព័ន្ធ៣ នាក់មកតតាំងក្តីលើសំណុំរឿងគ្រឿងញៀនជិត២គីឡូក្រាមដែលសមត្តកិច្ចបង្ក្រាបជាក់ស្តែងកាលពីឆ្នាំ២០២១នោះ ។
សវនាការដឹកនាំដោយលោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះមុខធាវីការពារក្តីឱ្យជនត្រូវចោទ តែកំបាំងមុខ ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង (ដែលកំពុងរត់គេចខ្លួន) ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ តែសវនាការនេះត្រូវបានលើកពេលទៅវិញ ដោយតុលាការបានឯកភាពតាមការស្នើសុំរបស់លោកមេធាវីការពារក្តីឱ្យជនត្រូវចោទ ដែលបានទាមទារឱ្យមានការកោះហៅជនជាប់ពាក់ពន្ធ៣នាក់ដូចខាងក្រោម៖
១.ឈ្មោះ អុឹម ឈួន អតីតស្នងការរងនគរបាលខេត្តកំពត
២.ឈ្មោះ កែវ ទិត្យមេសា
៣.ឈ្មោះ ហុង គា ដែលស្ថិតនៅក្រៅឃុំ ដើម្បីមកសួរដេញដោលឱ្យបានច្បាស់លាស់ថា តើអ្នកណាជាម្ចាស់គ្រឿងញៀនជិត២គីឡូក្រាមនោះពិតប្រាកដ ។
លោកមេធាវី ហេ ជីវអេង ជាមេធាវីការពារក្តីឱ្យជនត្រូវចោទបានលើកឡើងថា អង្គហេតុក្នុងសំណុំរឿងគ្រឿងញៀននេះ គឺសមត្តកិច្ចបានបង្ក្រាបបទល្មើសជាក់ស្តែង លុះពេលតុលាការលើកយកមកកាត់ក្តី កាត់បំបែកសំណុំរឿង បំបែករឿងតាមចម្លើយជន៣នាក់ឆ្លើយដាក់ ។ លោកមេធាវីបន្តថា ថ្ងៃកើតហេតុគឺថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សមត្តកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនជិត២គីឡូក្រាម នោះ ហើយដែលហៅថាជាបទល្មើសជាក់ស្តែង ។ ដូច្នេះទើបលោកសុំឱ្យតុលាការលើកពេលសវនាការ ដើម្បីកោះហៅជនពាក់ព័ន្ធ៣នាក់នោះមកសាកសួរ ដែលកូនក្តីរបស់លោកត្រូវគេឆ្លើយដាក់ ព្រោះកូនក្តីរបស់លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ គឺថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សមត្តកិច្ចមិនបានចាប់កូនក្តីលោកនិងគ្រឿងញៀនជិត២គីឡូក្រាមនោះទេ មកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ទើបសមត្តកិច្ចទៅដល់ផ្ទះកូនក្តីលោក ក្រោមការចង្អុលបង្ហាញថាពួកគេទៅដេកផ្ទះនោះ ហើយគ្រឿងញៀនក៏អត់មានដែរ ខណៈពេលសមត្តកិច្ចទៅឆែកឆេរដល់ផ្ទះ អ៊ីចឹងសមត្តកិច្ចដែលចុះទៅបង្ក្រាបផ្ទាល់ហ្នឹងបានដឹងរឿងអស់ហើយ ហើយនៅក្នុងកំណត់ហេតុក៏ច្បាស់លាស់អស់ដែរ ដូច្នេះអត់មានអានចម្លើយហើយកាត់ទោសកូនក្តីលោកអស់មួយជីវិតទេ ។ ក្នងនាមរូបលោកជាមេធាវីការពារដោយផ្លូវច្បាប់ឱ្យសង្គម ការពារឱ្យជនរងគ្រោះនិងប្រពន្ធតុលាការទាំងអស់មិនមែនជួយតែកូនក្តីម្នាក់ហ្នឹងទេ អ៊ីចឹងបានលោកស្នើសុំលើកពេលសវនាការនេះសិន ដើម្បីឱ្យតុលាការកោះហៅជនសង្ស័យ៣នាក់ នោះមកសួរដេញដោលចំពោះមុខ ដូច្នេះបើនៅតែបន្តនីតិវិធីលោកនិងដោះអាវដើរចេញ ព្រោះនេះជាបទល្មើសព្រហ្មទណ្ឌឧក្រឹដ្ឋ។
សូមជម្រាបថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការឃាត់រថយន្តម៉ាកតូយ៉ូតាហ៊ីលុច្យ ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ន.ប ២ ៨៤៨៤ ដែលធ្វើដំណើរពីខេត្តកំពង់ចាមចូលមករាជធានីភ្នំពេញ ដល់ត្រង់ចំណុចផ្សារ ឌែលម៉ល ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ណដូនពេញ ជាមួយនឹងបុរស៣នាក់ គឺមានឈ្មោះ អុឹម ឈួន អតីតស្នងការរងខេត្តកំពត ឈ្មោះ កែវ ទិត្យមេសា និងឈ្មោះ ហុង គា ។ នៅពេលឃាត់ខ្លួនមនុស្ស៣នាក់កំពុងជិះក្នុងរថយន្តនោះ សមត្តកិច្ចបានឆែកឆេររកឃើញគ្រឿងញៀនមានទម្ងន់ ១៧.៥០០ ក្រាម (ជិត២គីឡូក្រាម)ដែលលាក់ទុកនៅក្រោមកៅអីអ្នកបើកបរ ។ ពេលឃាត់ខ្លួនតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចបាននាំទៅឆែកឆេរផ្ទះរបស់ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង នៅខេត្តកំពង់ចាម ដោយបានរកឃើញកាំភ្លើងខ្លីមួយដើមទៀតជារបស់ឈ្មោះ អុឹម ឈួន អតីតស្នងការរងខេត្តកំពត តែពុំមានភស្តុតាងណាមួយពាក់ព័ន្ធនឹងគ្រឿងញៀនទេ ។
ក្រោយការស៊ើបអង្គេតបឋម ដោយហេតុថាជនសង្ស័យឈ្មោះ សេក មិត្ត (រត់គេចខ្លួន) និងចម្លើយចង្អុល បង្ហាញរបស់ឈ្មោះ អុឹម ឈួន ហុង គា និង កែវ ទិត្យមេសា មិនជាប់ពាក់ព័ន្ធសំណុំរឿងក្តីគ្រឿងញៀននេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យជនសង្ស័យទាំង៣នាក់ស្ថិតនៅក្រៅឃុំវិញ និងធ្វើការចោទប្រកាន់តែឈ្មោះ សេក មិត្ត ម្នាក់ជាមេខ្លោង ទើបមេធាវីការពារក្តីឱ្យជនត្រូវចោទទាមទារឱ្យតុលាការកោះហៅអតីតស្នងការរងខេត្តកំពត និងគូកន២នាក់នោះមកសួរដេញដោលតទល់មុខគ្នាក្នុងពេលសវនាការ ដើម្បីឱ្យមានតម្លាភាពនិងយុត្តិធម៌ ត្រូវរកឱ្យឃើញការណ៍ពិតអ្នកណាជាម្ចាស់គ្រឿងញៀនជិត២គីឡូក្រាមដែលលាក់ទុកនៅក្នុងរថយន្តរបស់ជនសង្ស័យទាំង៣នាក់កំពុងជិះនោះ ៕
ដោយ៖ រ៉ារ៉ា