ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យនារីម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្នរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តបង្កក្រឡាប់ជាច្រើនជុំ ធ្វើឲ្យអ្នកបើកបររងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវបេតុងកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកKIA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BN-5679 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិចដោយល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើត ហេតុមិនបានប្រយ័ត្នក៏រេចង្កូតទៅខាងឆ្វេងដៃបុកក្បាលនាគពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹងបណ្តាលឱ្យបាក់មួយកង់ ចំណែករថយន្តបង្កបានក្រឡាប់ជាច្រើនជុំទៅកល់ជាប់ក្បែរដើមឈើមួយដើមរងការខូចខាតយ៉ាងធ្ងន់ធ្ងរបណ្តាលឱ្យនារីជាអ្នកបើករថយន្តរងរបួស ត្រូវបានដឹកតាមរថយន្តមួយគ្រឿងទៀតយកទៅសង្រ្គោះភ្លាមៗផងដែរ។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចុះមកធ្វើកំណត់ហេតុ រួចស្ទួចយករថយន្តបង្កទៅរក្សាទុក រង់ចាំឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖