ការព្រមានរបស់ប្រធានាធិបតីរុស្ស៊ីលោកពូទីន ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរបានធ្វើឱ្យប្រទេសនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានប្រទេសសមាជិកអង្គការណាតូ «មានអារម្មណ៍ខ្លាច»ផងដែរ ដោយអាមេរិកមិនអាចជួយទាន់ពេលឡើយបើសង្គ្រាមផ្ទុះឡើង។
នៅពេលនេះសហរដ្ឋអាមេរិក បានថ្កោលទោសការព្រមានរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ពីហានិភ័យនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរថាគ្មានទំនួលខុសត្រូវ ប៉ុន្តែបញ្ជាក់ថា មិនមានសញ្ញានៃហានិភ័យធ្ងន់ធ្ងរណាមួយនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានគូសបញ្ជាក់ដូច្នេះថា «នេះមិនមែនជាលើកទី១នោះទេដែលយើងបានឃើញវោហារសាស្ត្រគ្មានទំនួលខុសត្រូវពីលោក វ្ល៉ាឌីមៀរ ពូទីន។ នេះមិនមែនជាអ្វីដែលមេដឹកនាំរដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរម្នាក់ត្រូវនិយាយនោះទេ»។ លោកបន្ថែមថា «សហរដ្ឋអាមេរិកបានទំនាក់ទំនងទាំងលក្ខណៈឯកជននិងដោយផ្ទាល់ជាមួយរុស្ស៉ីអំពីផលវិបាកនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែយើងមិនបានឃើញពីសញ្ញាណាមួយថារុស្ស៉ីកំពុងត្រៀមលក្ខណៈប្រើអាវុធនុយក្លេអ៊ែរនោះឡើយ»។
លោក ពូទីន ក្នុងសុន្ទរកថាមួយទៅកាន់សភា និងប្រជាជាតិរុស្ស៉ីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមានលោកខាងលិចពីផលវិបាកដ៏មហន្តរាយក្នុងករណីដែលប្រទេសជាសមាជិក NATO ណាមួយបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។ ការព្រមានបែបនេះរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានលើកឡើងពីលទ្ធភាពនៃការបញ្ជូនកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែន។ តែសម្ព័ន្ធមិត្តលោកខាងលិចដូចជាសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ជាដើម បានបញ្ជាក់ថាពួកគេគ្មានផែនការបញ្ជូនទ័ពទៅជួយអ៊ុយក្រែននោះទេ៕ ដោយ៖ ធីរីណា
រូបថត៖ Getty Images