ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញ​មុខ​ជនសង្ស័យ ១១នាក់ ពាក់ព័ន្ធ និងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងកំហែងយក (ប្លន់ម៉ូតូ)

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹកថ្ងៃ​ទី០១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ជនសង្ស័យ ១១នាក់ ពាក់ព័ន្ធ និងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងកំហែងយក (ប្លន់ម៉ូតូ)​ ជាសាធារណៈ​ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​ រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

ប្រភពដដែលបន្តថា​ កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង១៩និង៣០នាទី មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា នៅត្រង់ចំណុចមហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងកំហែងយក (ប្លន់ម៉ូតូ) មួយបានកើតឡើងបង្កដោយជនសង្ស័យ០១ក្រុមមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែលជាង១០នាក់ រួចគេចខ្លួនបាត់ ។ 

ជនរងគ្រោះឈ្មោះ សេង ចាន់ធៀន ហៅ តាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ សម្ភារបាត់បង់ ម៉ូតូ១គ្រឿងម៉ាក ឌ្រីមសេ១២៥ ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ កំពត 1U-8196 ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតវេលាម៉ោង ២១និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន២៣នាក់ ស្រីចំនួន០៦នាក់ ក្នុងកិច្ចប្រតិបត្តិការ ដែលអាចពាក់ព័ន្ធករណីខាងលើ រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីសាកសួរ ។ 

ក្រោយពីធ្វើការសាកសួរ​ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឃើញថាក្នុងចំណោមជនសង្ស័យទាំង២៣នាក់ ដែលសមត្ថកិច្ចឃាត់បាន មានជនសង្ស័យ ១១នាក់ ភេទប្រុស ដែលពាក់ព័ន្ធក្នុងករណីនេះ ចំណែក១២នាក់ទៀត (ប្រុស៦នាក់ ស្រី៦នាក់) មិនជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលពី លោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយត្រលប់ទៅផ្ទះវិញ ។ 

វត្ថុតាងចាប់យកបានមានម៉ូតូចំនួន០៦គ្រឿង ទូរស័ព្ទចំនួន០៥ គ្រឿង និងខ្សែក្រវ៉ាត់ចំនួន០៤ខ្សែ ។ 

ចំពោះជនសង្ស័យចំនួន១១នាក់ និងវត្ថុតាង​ខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ និងកំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យជាបក្ខពួកដែលបានរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕

ដោយ៖ តារា


ចែករំលែក៖