យោងតាមកងទ័ពអុីស្រាអែល ទាហានរបស់ខ្លួនបានសម្រេចចិត្តបើកការបាញ់ប្រហារនៅពេលដែលពួកគេ “មានអារម្មណ៍ថាមានការគំរាមកំហែង” ដោយហ្វូងជនភៀសខ្លួនដែលកំពុងរង់ចាំរថយន្តដឹកជំនួយមនុស្សធម៌មកដល់។
យោងតាម RT យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 104 នាក់ត្រូវបានសម្លាប់ និង 750 នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលកងកម្លាំងការពារអុីស្រាអែល (IDF) បានបើកការបាញ់ប្រហារទៅលើហ្វូងជនភៀសខ្លួននៅចំណុចចែកចាយជំនួយមនុស្សធម៌នៅភាគខាងលិចទីក្រុង Gaza កាលពីថ្ងៃព្រហស្បតិ៍ទី 29 ខែកុម្ភៈ។
ក្នុងករណីពាក់ព័ន្ធនោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់តំណាងរាស្ត្រអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈថា អ៉ីស្រាអែលបានសម្លាប់ស្ត្រីនិងកុមារប៉ាឡេស្ទីន លើសពី២៥០០០នាក់ ចាប់តាំងពីខែតុលាឆ្នាំមុនមក។
លោក Lloyd Austin ធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹងការសាកសួរពីគណៈកម្មាធិការសេវាកម្មអាវុធនៃរដ្ឋសភាអាមេរិក អំពីតួលេខស្ត្រីនិងកុមារប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយទាហានអ៉ីស្រាអែល។ លោក Austin បានគូសបញ្ជាក់យ៉ាងខ្លីថា ស្ត្រីនិងកុមារប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយទាហានអ៉ីស្រាអែលមានលើសពី ២៥០០០នាក់។ ប៉ុន្តែក្រោយការលើកឡើងរបស់លោក Austin អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានបញ្ជាក់ថា តួលេខផ្ដល់ដោយលោករដ្ឋមន្ត្រីការពារជាតិ គឺផ្អែកលើតួលេខរបស់ក្រសួងសុខាភិបាលហ្កាហ្សាដែលបានបញ្ជាក់ថាមាន កុមារនិងស្រ្តីលើសពី២៥០០០នាក់ត្រូវបានសម្លាប់ក្នុងតំបន់ហ្កាហ្សា។ លោកស្រី Sabrina បន្ថែមថា សហរដ្ឋអាមេរិកមិនទាន់អាចផ្ទៀងផ្ទាត់តួលេខអ្នកស្លាប់និងរងរបួសក្នុងតំបន់ហ្កាហ្សាបាននៅឡើយទេ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ក៏បានអះអាងដែរថា ចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល នឹងក្រុមហាម៉ាស់អូសបន្លាយពេលជិត៥ខែមកនេះ បានកើនលើស ៣០ ០០០នាក់ហើយ៕ ដោយ៖ ធីរីណា
រូបថត៖ New York Post
រូបថត៖ Hassan/Anadolu