ភ្នំពេញ៖ សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះជ្រើសរើសក្រុម ប្រឹក្សារាជធានី,ក្រុមប្រឹក្សាខេត្ត,ក្រុមប្រឹក្សាក្រុង, ក្រុម ប្រឹក្សាស្រុក,ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល៥ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
អ្នកនាំពាក្យគ.ជ.ប. បានបញ្ជក់ថា ដើម្បីមានសិទ្ធិឈរ ឈ្មោះជាបេក្ខជន ឈ្មោះជាបេក្ខជនសម្រាប់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ត្រូវបំពេញលក្ខខណ្ឌ និងមានលក្ខណៈសម្បត្តិ ដូចជា មានសញ្ជាតិខ្មែរពីកំណើត, អាយុយ៉ាងតិច២៥ឆ្នាំ គិតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤, បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោត សម្រាប់ការបោះឆ្នោតជាសកល លើកចុងក្រោយ ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែង តែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ខាងមុខ៕
ដោយ៖ សូរិយា