ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ០៥ គ្រឿង​ ត្រូវបានពិន័យ និងឃាត់ទុក ០១ឆ្នាំ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (៣គ្រឿង)​ និង​ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​(២គ្រឿង)

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី​០១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ រថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ០៥ គ្រឿង​ ត្រូវបានពិន័យ និងឃាត់ទុក ០១ឆ្នាំ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (៣គ្រឿង)​ និង​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​(២គ្រឿង)។ 

ប្រភពដដែលបន្តថា​ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន លោក​ សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ​ កាលពថ្ងៃទី២៨ ខែកុម្ភៈថ្មីៗនេះ​ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៣គ្រឿង នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និង​២គ្រឿង នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​។ 

រថយន្តល្មើសខាងលើ បានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ 

ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕

ដោយ៖ ស តារា


ចែករំលែក៖