ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ បានរកឃើញយានយន្តល្មើសចំនួន ៤១៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៩៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧២៣គ្រឿង, រថយន្តធំ ៣៣គ្រឿង, រថយន្តតូច ២២០គ្រឿង និងម៉ូតូ ៤៧០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១៤គ្រឿង, រថយន្តធំ ០៤គ្រឿង, រថយន្តតូច ១០៦គ្រឿង និងម៉ូតូចំនួន ៣០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ៖ តារា